សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ចុះហត្ថអនុស្សរណៈលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពលើការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជែនរិច អ៊ិនវ៉េសមែន(GenRich Investment)ជាក្រុមហ៊ុនរបស់កូនខ្មែរ ជាមួយក្រុមហ៊ុន ហ្គ្រាប ផាយ អន អឺនឺជី សូលូតហ្សិន( Graphion Energy Solutions )របស់សហរដ្ឋអាមេរិក។ ពិធីនេះប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន GenRich Investment Co.,ltd គឺជាក្រុមហ៊ុនរបស់កូនខ្មែរ បានសហការជាមួយ Graphion Energy Solutions របស់សហរដ្ឋអាមេរិក បានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia’s Electric Future Together» នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលពិធីនេះក៏បានការអញ្ជើញពីលោកអ្នកឧកញ៉ា លោកឧកញ៉ា តំណាងវិស័យឯកជន វិនិយោគិន ដៃគូអាជីវកម្ម អ្នកជំនាញ និងភាគីពាក់ព័ន្ធជាច្រើននាក់។

ពិធីនេះបានប្រារព្ធឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា និងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា។

បើតាមការបញ្ជាក់របស់លោក Ki Young Nam ស្ថាបនិកនៃ Graphion Energy Solutions បានធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងទិសដៅរបស់គម្រោង Cambodia Green Mobility Initiative 2026 ដោយផ្តោតលើការពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត។

ក្នុងនោះលោក Lim Lork Johnson អគ្គនាយកក្រុមហ៊ុន GenRich Investment ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការទាក់ទាញការវិនិយោគ ការនាំចូលបច្ចេកវិទ្យាទំនើប និងការបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

បន្ទាប់មក ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន GENRICH Investment និងក្រុមហ៊ុន GRAPHION Energy Solution ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេស៕