មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រឺស លក្ខណៈបែបនេះបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមាន ការកើនឡើងលើសកម្រិតអតិបរមា។
ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត នឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្ក បណ្តាលឲ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ ដូចនេះសូមប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបន្តការតាមដានការប្រែប្រួលអាកាសធាតុយ៉ាងយកចិត្ត ទុកដាក់ និងជម្រាបជូនជាដំណឹងបន្តបន្ទាប់ទៀត៕















