ឯកឧត្តម ម៉ម ប៊ុននាង ចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយអំណោយមនុស្សធម៌របស់មូលនិធិ ចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំគោកត្រប់ សរុបចំនួន៣៥០នាក់ នៅសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិ-ព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលឃុំគោកត្រប់ ដែលបានខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន ពិសេសហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រី និងប្រជាជន ពិសេសយុវជន ត្រូវប្រឹងប្រែងបង្កើនសមត្ថភាព ភាពម្ចាស់ការ និងខ្លួនទីពឹងខ្លួនជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឯង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ហើយរួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យបានខ្លាំងក្លារឹងមាំ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដែលរួមមាន សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ចែកជូនដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៃអង្គពិធីផងដែរ។

ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងព្រឹទ្ធសភា ដែលមានគណៈកម្មការទី១០ ជាសេនាធិការ ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ មូលនិធិនេះបានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈ ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២២លើករួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៣,៣២៨,៨៣៩.២៣ដុល្លារអាមេរិក។ ជំនួយមនុស្សធម៌លើកទី២២នេះ ទើបនឹងបញ្ជូនមកដល់ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះផងដែរ ក្នុងទំហំទឹកប្រាក់១,៧៣១,២៤៣.៤៧ដុល្លារអាមេរិក។

ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing៕