មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តគ្រប់តួអង្គពាក់ព័ន្ធ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹមដើម្បីធានាឲ្យមូលដ្ឋានគ្មានបទល្មើស


រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឲ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឲ្យបានលើសពី៨០%។

ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជេីញជាអធិបតីភាព កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ក៏បានរាយការណ៍សង្ខេបពីកិច្ចការងារដែលសម្រេចបាននាពេលកន្លងមក និងបន្តប្តេជ្ញា ខិតខំយកចិត្តទុកដាក់ដឹកនាំអនុវត្តច្បាប់ អនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជានានា ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ជំរុញអនុវត្តយ៉ាងសកម្មនូវវិធានការទាំង៥ពាក់ព័ន្ធនឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល បានគាំទ្រចំពោះការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានស្នងការដ្ឋាននគរបាលខេត្ត ជាសេនាធិការ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយបានផ្តោតលើកិច្ចការអប់រំផ្សព្វផ្សាយ ការរៀបចំវេទិកាសាធារណៈ ការកសាងចលនាប្រជាការពារ ការពង្រឹងប៉ុស្ដិ៍នគរបាលរដ្ឋបាល និងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវលក្ខណៈសម្បត្តិទាំង៧ ដើម្បីឈានទៅទទួលបានជ័យលាភីក្នុងចលនា ប្រឡងប្រណាំអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលខាងមុខ។

ឯកឧត្តមបានបន្តថា ដើម្បីឲ្យទិសដៅការងារបន្តមានលក្ខណៈត្រឹមត្រូវ ច្បាស់លាស់ គឺត្រូវធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងផែនការណែនាំ យុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ច្បាប់ស្តីពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខេត្តផងដែរ៕