ឯកអគ្គរាជទូតជប៉ុន រៀបចំពិធីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយបានលើកកម្ពស់ និងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ


លោក អឹអិណុ អាត្សឹស៊ិ (UENO Atsushi) ឯកអគ្គរាជទូតទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកស្រី UENO Hiromi បានបញ្ចប់អាណត្តិការងារការទូតដ៏ជោគជ័យរបស់ខ្លួននៅកម្ពុជា ហើយត្រៀមផ្លាស់ប្តូរទៅទទួលភារកិច្ចថ្មីនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិក បានធ្វើឡើងនៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អង្គទូត តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសដ៏សំខាន់នេះ លោក UENO Atsushi បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមិត្តភាពដ៏កក់ក្ដៅ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលបានផ្តល់ជូនក្នុងអំឡុងពេលបេសកកម្មរបស់លោក។

លោកបានរំលឹកពីការចាប់ផ្ដើមបេសកកម្មការទូតរបស់លោកនៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក ហើយបានឆ្លៀតឱកាសនេះជម្រាបលាដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងដៃគូកិច្ចសហប្រតិបត្តិការនានា ដែលបានរួមចំណែកយ៉ាងសកម្មជាមួយស្ថានទូតជប៉ុន។

លោកបានកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍វិស័យបរិស្ថាន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន។

លោក UENO Atsushi ត្រូវបានគេចាត់ទុកថាជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ ការផ្លាស់ប្តូរភារកិច្ចរបស់លោក គឺជាការបន្តបេសកកម្មការទូតរបស់លោកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរាជទូត និងសូមជូនពរលោកទទួលបានជោគជ័យក្នុងបេសកកម្មថ្មី។

ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកឯកអគ្គរាជទូត UENO Atsushi បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕