ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ» ដោយមានវត្តមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងអ្នកទទួលការសាងសង់ ព្រមទាំងមន្រ្តីបច្ចេកទេសផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទជធានី-ខេត្ត សរុបចំនួន ២៥០រូប នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
សិក្ខាសាលានេះ មានគោលបំណងពង្រឹងនិងបង្កើនសមត្ថភាពមន្រ្តីបច្ចេកទេសរបស់ក្រសួង និងនៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ លើការងាររចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្លើយតបទៅនឹងកំណើននៃតម្រូវ និងបរិបទនៃការអនុវត្តជាក់ស្តែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍លើកឡើងអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ដទៀតថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តនូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» ដោយយកយុទ្ធសាស្រ្តគន្លឹះទាំង៥ នៃគោលនយោបាយជាតិធ្វើជាកម្មវិធីអាទិភាព ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។
ឯកឧត្តម ឈឹម សៅគី បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ចនានាដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ និងធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ដូច្នេះដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយភាពធន់ ទាមទារឱ្យមាននូវបទដ្ឋានបច្ចេកទេស ការសិក្សាគំនូសប្លង់លម្អិត ជាពិសេសការស្ថាបនាផ្លូវប្រកបដោយគុណភាព និងមានការចុះត្រួតពិនិត្យដែលស្របតាមគោលការណ៍ និងនីតិវិធីបច្ចេកទេសផងដែរ។ ក្នុងន័យនេះសិក្ខាសាលានាថ្ងៃនេះ ពិតជាមានមានភាពចាំបាច់ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពបន្ថែមទៀត និងស្វែងរកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញ និងបង្កើនគុណភាពនៃការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យកាន់តែប្រសើរឡើង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីចូលរួមឱ្យដំណើរសិក្ខាសាលានានា ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក៕
























