ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២០ឆ្នាំ អង្គការ Transform Cambodia ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សដ៏រឹងមាំ និងចូលរួមជួយកែប្រែអនាគតកុមារកម្ពុជាជាច្រើននាក់។
តាមរយៈរបាយការណ៍របស់ អង្គការ Transform Cambodia (ត្រេនស្វម ខេមបូឌា) បច្ចុប្បន្ននេះ មានកុមារ និងយុវជនដែលកំពុងសិក្សា ក្រោមការមើលថែរបស់អង្គការជាក់ស្ដែង មានចំនួន២,៤២៧នាក់ ដែល អង្គការ ត្រេនស្វម ខេមបូឌា បាននិងកំពុងធ្វើការបណ្តុះបណ្តាល ភាសាអង់គ្លេស កុំព្យូទ័រ ជំនាញដឹកនាំ និងបំណិនជីវិតជាច្រើនទៀត ព្រមទាំងអប់រំកុមារ និងយុវជនឲ្យក្លាយជាសិស្សល្អ មនុស្សល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាមូលធនដ៏រឹងមាំសម្រាប់ សង្គមជាតិ។
សកម្មភាពនេះ គឺជាស្មារតីចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការកសាងក្តីសង្ឃឹម និងក្តីស្រមៃ សម្រាប់អនាគតរបស់កុមារ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅតាមសហគមន៍គំនរសំរាម និងតាមតំបន់នានា ដែលអ្នកទាំងអស់នោះធ្លាប់តែបាក់ទឹកចិត្ត និងរស់នៅដោយគ្មានក្តីស្រមៃ និងក្តីសង្ឃឹម ប៉ុន្តែផ្ទុយទៅវិញ តាមរយៈឆន្ទៈតស៊ូមោះមុតអស់រយៈពេលជាច្រើនឆ្នាំ ពួកគេភាគច្រើន បានក្លាយជាធនធានដ៏មានសក្តានុពលក្នុងសង្គម ដែលជាទំពាំងស្នងឫស្សី ដ៏សំខាន់បំផុតដែលប្រទេសជាតិមិនអាចខ្វះបាន។ ជាក់ស្ដែង កុមារដែលទទួលបានការបណ្តុះបណ្តាលអប់រំពី អង្គការ ត្រេនស្វម ខេមបូឌា នាពេលកន្លងមក អ្នកខ្លះបានក្លាយជាគណនេយ្យករ ស្ថាបត្យករ វិស្វករ គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត មេធាវី និងគ្រូបង្រៀន ជាដើម។
ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ដ្រី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកទឹកចិត្តដល់ អង្គការ ត្រេនស្វម ខេមបូឌា បន្តធ្វើជាដៃគូដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាល ក្នុងការបន្តប្រតិបត្តិការ ដ៏មានសារៈសំខាន់នេះ សម្រាប់ជួយជំរុញការកសាង ធនធានមនុស្សនៅកម្ពុជា តាមរយៈការពង្រឹង និងពង្រីកវិសាលភាព នៃការជួយជ្រោមជ្រែង តាមលទ្ធភាពដែលអាចធ្វើទៅបានដល់កុមារ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដើម្បីផ្តល់ក្តីសង្ឃឹម និងក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសបន្តជួយឧបត្ថម្ភគាំទ្រ ទាំងធនធាន ថវិកា និងសម្ភារៈ ដល់អង្គការដើម្បីបន្តចូលរួមបេសកកម្មរបស់ខ្លួនឲ្យដំណើរការ បានល្អប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀត។ លោកបានណែនាំអាជ្ញាធរមូលដ្ឋាននៅតាមទីតាំងសាខាអង្គការទាំងអស់ ត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈផ្សេងៗ ជាពិសេសបញ្ហាសន្តិសុខ សុវត្ថិភាពសិស្សានុសិស្ស និងត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយជុំវិញបរិវេណ ជៀសវាងដាច់ខាតកុំឲ្យមានការប្រព្រឹត្ត អំពើអបាយមុខ និងការសេពគ្រឿងញៀន។
ជាមួយគ្នានេះ លោកបានជំរុញក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តផ្តល់កិច្ចសហការជាប់ប្រចាំ ដល់អង្គការ ជាដៃគូនានា រួមទាំង អង្គការ ត្រេនស្វម ខេមបូឌា នេះផងដែរ ដើម្បី បង្កលក្ខណៈគាំទ្រ សម្របសម្រួលដល់បេសកកម្មអប់រំ និងមនុស្សធម៌នានា សម្រាប់វិស័យអប់រំនៅកម្ពុជា។ ចំពោះសិស្ស និស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីសម្រេចបាននូវ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ដ្រី៖ «ក្តីស្រមៃ គឺដាក់ទិសដៅដែលយើងចង់ទៅ ហើយក្តីសង្ឃឹម គឺជាអ្វីដែលជំរុញទឹកចិត្តឲ្យសម្រេចនូវក្តីស្រមៃ»។ ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើ ខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម ដើម្បីយកចំណេះដឹងទាំងនេះ ទៅកសាង អនាគតខ្លួនឯង គ្រួសារ និងរួមចំណែកកសាងមាតុភូមិយើង។
មួយវិញទៀត ចំពោះអ្នកដែលបានបញ្ចប់ការសិក្សា តាមរយៈការជួយគាំទ្ររបស់អង្គការនេះ និងទទួលបានអាជីពការងាររួចហើយនោះ សូមចំណាយពេលដែលខ្លួនមាន តបស្នងជូនដល់អង្គការ តាមរយៈការបង្រៀនដោយស្ម័គ្រចិត្តក្តី ឬការបរិច្ចាគធនធានក្ដី ពីព្រោះអង្គការនេះបានប្រែក្លាយជីវិតប្អូនៗ ក្មួយៗ ឲ្យទទួលបានជោគជ័យត្រចះត្រចង់ មកដល់សព្វថ្ងៃនេះ ដូច្នេះភាពកតញ្ញុតាធម៌ គឺជាកត្តាសំខាន់បំផុតសម្រាប់សង្គមកម្ពុជា ហើយប្អូនៗ ក្មួយៗ ត្រូវចាំថា ការចូលរួមចំណែកជួយអង្គការវិញ មិនមែនសម្រាប់ត អង្គការ ត្រេនស្វម ខេមបូឌា នោះទេ ពោលគឺជាការជួយអនាគតកុមារក្រីក្រ និងងាយរងគ្រោះ ជាច្រើនដូចដែលប្អូនៗ និងក្មួយៗធ្លាប់ស្ថិតក្នុងសភាពនោះផងដែរ៕


























