សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះការចូលរួម​ដោយស្ថាបនារបស់ចិន ក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិលើអភិបាលកិច្ច AI


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក​ម្ពុ​ជា បានថ្លែងថា កម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះការចូលរួមដោយស្ថាបនារបស់ចិន​ក្នុង​ការ​ជំរុញ​កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ច​បញ្ញា​សិប្ប​និម្មិត (AI)។

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទពិភពលោកស្តីពីបញ្ញា​សិប្បនិម្មិត (AI) ត្រូវបានបើកជាផ្លូវការនៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីបើកសន្និសីទនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី ជីនពីង ប្រធានា​ធិប​​តីចិន។ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ត្រូវបានធ្វើឡើង​ក្រោម​មូល​បទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគត​កាន់​តែត្រចះ​ត្រចង់»។ ក្នុងពិធីបើកសន្និសីទពិភពលោកនេះ មានការអញ្ជើញចូល​រួម​​ថ្នាក់ដឹកនាំប្រទេសនានា និងអង្គការអន្តរជាតិ ព្រមទាំងអ្នកកំណត់គោល​នយោ​បាយជាច្រើនរូប។

ក្នុងសុន្ទរកថាគន្លឹះបើកសន្និសីទពិភពលោកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលចិន ដែល​បានបានរៀបចំសន្និ​សីទ​​ដ៏មានសារៈសំខាន់នេះឡើង។ សម្តេចមហាបវរធិបតី បានគូសរំលេចថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបរិវត្ត​កម្ម​យ៉ាង​ខ្លាំង​ក្លាទៅលើ​សេដ្ឋ​កិច្ច, សេវាសាធារណៈ, សន្ដិសុខ និងភាពប្រកួតប្រជែងក្នុង​ល្បឿន​មួយដែល​មិនធ្លាប់មានពីមុនមក។ ក្នុងបរិការណ៍នេះ បញ្ហាប្រឈម​នៅ​ចំពោះមុខ​លែង​ជាសំណួរថា​ តើ AI នឹងផ្លាស់ប្ដូរអនាគតឬទេ ប៉ុន្តែ​ជាសំណួរថា តើត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បីធានាថា ប្រទេសនីមួយៗ អាច​ទទួលបានអត្ថប្រយោជន៍ពីបច្ចេក​វិទ្យា​នេះដោយសមធម៌, ប្រកបដោយ​ការ​ទទួលខុសត្រូវ និងមានចីរភាព។

សម្តេចមហាបវរធិបតី បានគូសរំលេចថា កម្ពុជាផុ្តល់តម្លៃខ្ពស់ចំពោះ​ការចូ​ល​រួមដោយស្ថាបនារបស់ចិន នៅក្នុងការ​ជំរុញ​កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិ​ការអន្តរជាតិលើអភិបាលកិច្ច AI តាម​រយៈគំនិតផ្ដួចផ្ដើម ដូចជាគំនិតផ្ដួចផ្ដើម​អភិបាលកិច្ច AI សកល និងផែនការ​សកម្មភាពអភិបាលកិច្ច​ AI សកលជា​ដើម។ គំនិតផ្ដួចផ្ដើមទាំងនេះ រួម​ចំ​ណែក​​ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ​ពហុភាគី​អន្តរជាតិ និងការ​កសាង​សមត្ថភាព​ AI, ជាពិសេសសម្រាប់បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍ និងប្រទេស​លោកខាងត្បូង។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា សន្និសីទ​ពិភព​លោកស្ដីពីបញ្ញាសិប្បនិម្មិត បានក្លាយជាវេទិកាដ៏មានសារៈ​សំខាន់​ក្នុងការ​បង្កើន​ការចូលរួមក្នុងអភិបាលកិច្ច AI សកល និងបំប្លែងការ​ប្ដេជ្ញា​ចិត្តរួមគ្នា​របស់បណ្ដាប្រទេសលើកិច្ចសហប្រតិបតិ្តការអន្តរជាតិ ឱ្យទៅ​ជា​កិច្ចសន្ទនា និង ភាពជាដៃគូជាក់ស្ដែង។

«កម្ពុជាមានជំនឿយ៉ាងមុតមាំថា ក្រប​ខ័ណ្ឌ​ពហុភាគី ដែលបើកចំហ, បរិយា​បន្ន និងប្រកបដោយកិច្ច​សហ​ប្រតិ​បត្តិ​ការ គឺពិតជាចាំបាច់ ដើម្បីធានាថា ប្រទេសទាំងអស់, ទោះមានកម្រិតនៃ​ការ​អភិ​វឌ្ឍយ៉ាងណាក៏ដោយ, អាចចូល​រួម និងទទួលបានអត្ថប្រយោជន៍​ពី​បដិ​វត្តន៍ AI។ អភិបាលកិច្ច AI ពិតប្រាក​ដ​គួរតែជួយពង្រឹងបន្ថែមទៀតនូ​វកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ ដោយនៅតែ​គោរពទៅលើពិពិធភាពនៃបរិបទជាតិ និង មាគ៌ាអភិវឌ្ឍន៍មូលដ្ឋាន​ដោយឯក​រាជ្យ​របស់ប្រទេសនីមួយៗ»។ នេះជាការគូសរំលេចរបស់សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី បានលើកឡើងដែរថា អត្ថប្រយោជន៍ពិត​ប្រាកដ​នៃយុគ​សម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពតែ​ឯកឯង​នោះទេ។ លក្ខណៈឆ្លងដែននៃកាលា​នុវត្ត​ភាព និងបញ្ហាប្រឈម​ទាំង​នេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ​ដែលកាន់តែរឹងមាំ និង មាន​ប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរ​លើមូល​ដ្ឋាន​នៃការគោរពគ្នា​ទៅ​វិញ​ទៅមក, ការទទួលខុសត្រូវរួមគ្នា និងភាពជាដៃគូ​ជាក់ស្ដែង។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់កិច្ចសហ​ប្រតិ​បត្តិ​ការជាយុទ្ធសាស្ត្រ ដែល​ជួយ​សម្រួលដល់ការចែករំលែកចំណេះដឹង, ការ​ផ្ទេរបច្ចេកវិទ្យា, ការកសាង​សមត្ថ​ភាព, ការស្រាវជ្រាវរួមគ្នា និង ការវិនិយោគ​ប្រកបដោយ​គោល​ដៅ​ច្បាស់​លាស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុង​រីក​លូតលាស់៕