ក្រុមហ៊ុនចិន ស្វែងរកឱកាសវិនិយោគលើ​ការបង្កើត​ស្ថានីយ​ស្តុក​ឧស្ម័នធម្មជាតិ​រាវ និងស្ថានីយចម្រាញ់ប្រេងនៅកម្ពុជា


ក្រុមហ៊ុន Royal Vopak របស់ចិន បានបង្ហាញចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេងនៅកម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចមហាបវរធិបតី អំពី​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថាក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះ​ស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។

លោកប្រធានក្រុមហ៊ុនបន្តថា ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុក​ឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយ​ស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ លោកប្រធានក្រុមហ៊ុន​ បានបន្ថែម​ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ​បំណង​វិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុន​ដៃ​គូ​នៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ផែនការស្វែងរក​ឱកាស​វិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជា​នា​ពេលអនាគត។

សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការ​ឱ្យ​កាន់​តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែម​ទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បី​ជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕