នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Kassym-Jomart K. Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។
ក្នុងជំនួបនោះ លោកប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប។ លោកប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។
សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះ ជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចមហាបវរធិបតី និងលោកប្រធានាធិបតី បានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕








