សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា និងសាច់ញាតិក្រុមគ្រួសារ អមដំណើរដោយលោកជំទាវភរិយាថ្នាក់ដឹកនាំ បាននាំយកទៀនព្រះវស្សា ប្រេងវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តចំនួន៨ ស្ថិតនៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ
ក្នុងឱកាសអញ្ជើញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយផ្កាភ្ញីជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីលដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ។
ពិធីប្រគេនទៀនព្រះវស្សា ប្រេងវស្សាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៨វត្តនាពេលនេះ ដើម្បីសូមឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ពិធីប្រគេនទៀនព្រះវស្សា ប្រេងវស្សាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៨វត្តនាពេលនេះរួមមាន៖
១៖ វត្ត អម្ពរវ័ន
២៖ វត្ត ហ្លួងកណ្តាល
៣៖ វត្ត ជុំនីក
៤៖ វត្ត នាគវ័ន (ភូមិ៥)
៥៖ វត្ត ឈូក
៦៖ វត្ត ដើមជ្រៃ
៧៖ វត្ត អំពិល
៨៖ វត្ត សុពណ៌កាឡី៕



















