រដ្ឋមន្ត្រីក្រសួងធនធានទឹក បង្ហាញពីស្ថានភាពអាកាសធាតុសកល និងការត្រៀមឆ្លើយតបនៃបាតុភូតអែលនីញ៉ូ ដែលអាចធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជាជួបគ្រោះរាំងស្ងួត និងទឹកជំនន់


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា ឆ្នាំនេះសកលលោក និងប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលអែលនីញ៉ូ (El Niño) ដែលកើតចេញពីការកើនឡើងកម្ដៅនៃទឹកសមុទ្រនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល (ក្បែរខ្សែអេក្វាទ័រ)។ វាបានធ្វើឱ្យប្រព័ន្ធបរិយាកាស ពពក ខ្យល់ និងខ្យល់មូសុងប្រែប្រួលទាំងស្រុង។ ឥទ្ធិពលនេះធ្វើឱ្យតំបន់ខ្លះជួបការរាំងស្ងួតខ្លាំង និងមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត ពោធិ៍សាត់ និងបាត់ដំបង រហូតបង្កើតជាជំនន់ទឹកភ្លៀង។ ខណៈផែនការ និងយុទ្ធសាស្ត្រត្រូវបានដាក់ចេញជាមុនរួចជាស្រេច ដើម្បីទប់ទល់នឹងបាតុភូតធម្មជាតិនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកបានបន្តថា ឥទ្ធិពលអែលនីញ៉ូ (El Niño) ដែលកើតចេញពីការកើនឡើងកម្ដៅនៃទឹកសមុទ្រនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល (ក្បែរខ្សែអេក្វាទ័រ)។ វាបានធ្វើឱ្យប្រព័ន្ធបរិយាកាស ពពក ខ្យល់ និងខ្យល់មូសុងប្រែប្រួលទាំងស្រុង និងបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតមនុស្ស ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជា។

ឯកឧត្តមបានបន្ថែមថា «ឥទ្ធិពលអែលនីញ៉ូនេះ មិនមែនមានន័យថាក្ដៅហើយគ្មានភ្លៀងនោះទេ គឺមានទាំងក្ដៅខ្លាំងដែលធ្វើឱ្យតំបន់វាលទំនាបកណ្តាលគ្មានភ្លៀងសោះបង្កជាគ្រោះរាំងស្ងួត។ ជាក់ស្តែងនៅខេត្តបាត់ដំបង មានផ្ទៃដីកសិកម្មជាង ១០ម៉ឺនហិកតា ប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពយ៉ាងខ្លាំង។ ចំណែកតំបន់ខាងលើវិញមានភ្លៀងធ្លាក់ច្រើនជាងធម្មតា (របាយទឹកភ្លៀងមិនស្មើគ្នាទូទាំងប្រទេស) ក្នុងបរិមាណយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត ពោធិ៍សាត់ និងខេត្ដបាត់ដំបង រហូតបង្កើតជាជំនន់ទឹកភ្លៀង ព្រមទាំងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរផងដែរ»

ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងទៀតថាបាតុភូតធម្មជាតិនេះ នៅកម្ពុជាយើងមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ដោយសារមានកិច្ចសហការអន្តរាគមន៍ទាន់ពេលវេលា និងសកម្មពីសំណាក់អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ។ ដោយផ្អែកតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំផែនការ និងយុទ្ធសាស្ត្រជាមុនរួចជាស្រេច ដើម្បីទប់ទល់នឹងបាតុភូតធម្មជាតិអែលនីញ៉ូ ដូចជា៖ ក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកជាស្រេច ដើម្បីជួយសង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក (សម្រាប់តំបន់ដែលមានប្រភពទឹកនៅក្បែរ)។ បាននិងកំពុងជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹកគ្រប់កម្រិត (ប្រឡាយមេ ប្រឡាយរង) ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ជូនទឹក។ ជាងនេះទៀតក្រសួងធនធានទឹក និងឧតុនិយម បានប្រើប្រាស់ អាងទឹកពហុបំណងសេកសក (ដែលអាចផ្ទុកទឹកបានជាង ១០០លានម៉ែត្រគូប) ដើម្បីទប់ទឹកភ្លៀងពីជួរភ្នំក្រវាញ រួចបង្ហូរទម្លាក់មកស្ទាក់តាមកង់ៗនៃ ស្ទឹងសង្កែ (ដែលជាប្រឡាយមេ)។ ប៉ុន្តែដោយសារប្រព័ន្ធធារាសាស្ត្រមានបណ្តាញប្រឡាយមេ ១០ខ្សែ និងប្រឡាយរងខ្វាត់ខ្វែងជាច្រើន ដែលមានប្រវែងសរុបជិត ១,០០០គីឡូម៉ែត្រ ធ្វើឱ្យការហូរនាំទឹកទៅដល់ដីស្រែខាងក្រោមត្រូវចំណាយពេលរហូតដល់ប្រហែល ១០ថ្ងៃ ទើបទឹកជួយសង្គ្រោះទៅដល់គ្រប់កន្លែង។

ទន្ទឹមនឹងនេះក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរដែនដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រៀមកងកម្លាំងអន្តរាគមន៍ និងជួយសង្គ្រោះភ្លាមៗនៅពេលមានគ្រោះអាសន្ន (ជំនន់ ឬរាំងស្ងួត) ដើម្បីធានាឱ្យបាននូវ «សន្តិសុខទឹក» ដើម្បីគាំទ្រដល់ «សន្តិសុខស្បៀង» ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសគឺការនាំទឹកទៅដល់តំបន់ដែលមិនទាន់មានប្រភពទឹកប្រើប្រាស់។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងបន្តថាយោងតាមការព្យាករណ៍របស់ក្រសួង ឆ្នាំនេះមានឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño) នឹងធ្វើឱ្យអាកាសធាតុឡើងកម្តៅខ្លាំង រដូវប្រាំងអូសបន្លាយវែង និងកង្វះខាតទឹកស្រោចស្រព។ ដូចនេះមុននឹងចាប់ផ្តើមបង្កបង្កើនផល សូមបងប្អូនប្រជាពលរដ្ឋត្រូវពិនិត្យ និងមានផែនការច្បាស់លាស់ពីប្រភពទឹក ចំពោះតំបន់ដែលគ្មានប្រភពទឹកទាល់តែសោះ គួរតែផ្អាក ឬកុំដាំដុះ ដើម្បីចៀសវាងការប្រថុយប្រថានខាតបង់ធំធេង ព្រោះការដាំដុះដោយពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងក្នុងស្ថានភាពបែបនេះ អាចធ្វើឱ្យទិន្នផលទទួលបានលទ្ធផលមិនល្អឡើយ។

សូមជម្រាបថា កម្ពុជាយើង នឹងរងឥទ្ធពលនៃបាតុភូតអែលនីញ៉ូ ចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់ខែសីហា ឆ្នាំ២០២៦៕