សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការយកចិត្តទុកដាក់ និងការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល នៅតែជាកិច្ចការចាំបាច់ និងជាអាទិភាពរបស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ទោះក្នុងកាលៈទេសៈណាក៏ដោយ ការយកចិត្តទុកដាក់ និងការវិនិយោគទៅលើការអប់រំ សុខាភិបាលនេះ យើងត្រូវធ្វើ ហើយយើងក៏ស្វាគមន៍នៅក្នុងការចូលរួមរបស់វិស័យឯកជន ទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នាកុំប្រកាន់ យើងចង់លើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេស សមាហរណកម្មជាមួយប្រព័ន្ធអប់រំនៅលើពិភពលោក»។
បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលស្វាគមន៍ និងលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយបើកចំហឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំ ដោយមានគោលដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងធ្វើសមាហរណកម្មប្រព័ន្ធអប់រំកម្ពុជាទៅក្នុងប្រព័ន្ធអប់រំសកល។
ចំពោះវិស័យសុខាភិបាល សម្តេចបានលើកឡើងពី ការចូលរួមរបស់វិស័យឯកជនក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសតាមរយៈការអនុវត្តគោលនយោបាយ ប.ស.ស។ សម្តេចបញ្ជាក់ថា សមត្ថភាពរបស់មណ្ឌលសុខភាពរដ្ឋមិនអាចឆ្លើយតបបានទាំងស្រុងចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះត្រូវមានការចែករំលែក និងពង្រីកការចូលរួមរបស់ដៃគូវិស័យឯកជន។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវិស័យឯកជន ដែលបានចូលរួមលើកកម្ពស់វិស័យអប់រំ ចាប់ពីកម្រិតបឋមសិក្សា រហូតដល់ឧត្តមសិក្សា ព្រមទាំងការចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) តាមសាលារៀនមួយចំនួន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការពង្រីកការបណ្តុះបណ្តាល TVET នៅតាមសាលាឯកជនផ្សេងៗទៀត ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតឱកាសសិក្សា និងឱកាសការងារកាន់តែច្រើនសម្រាប់យុវជនកម្ពុជា។
យ៉ាងណាក៏ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការពង្រីកវិស័យអប់រំត្រូវផ្តោតលើ គុណភាពជាចម្បង គុណភាពរបស់សិស្ស និងគុណភាពរបស់សាលា មានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយសិស្សដែលមានគុណភាពអាចជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងគុណភាពរបស់សាលា ខណៈគុណភាពសាលាក៏ជាកត្តាឆ្លុះបញ្ចាំងពីការវិនិយោគ និងការអភិវឌ្ឍវិស័យអប់រំផងដែរ៕
















































