សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថាកាលពីអំឡុងទស្សនកិច្ចការងារទៅកាន់ប្រទេសចិន និងបានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ក្នុងចំណោមនោះភាគច្រើនចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីដើរទាន់បច្ចេកវិទ្យាសិប្បនិម្មិត AI កម្ពុជាត្រូវតែរៀនសម្របខ្លួន និងចាប់ឱកាសពី AI ជាប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ។ សម្ដេច បានថ្លែងថា
​បច្ចេក​វិទ្យា AI នឹងប្រើប្រាស់យ៉ាងទូលាយនៅពេលអនាគត បើយើងមិនចាប់ឱកាស មិនទាញយកផលប្រយោជន៍ពីឥឡូវនោះទេ យើងនឹងដើរក្រោយគេហើយ។

សម្ដេច បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន សម្ដេចបានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ហើយកាលពីម្សិលមិញនេះសម្ដេចក៏បានជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង។ ភាគច្រើននៃក្រុមហ៊ុនទាំងនោះ ចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម និងការវិនិយោគគ្រឿងបង្គំ​អគ្គិ​សនី និងការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI។

ត្រង់ចំណុចនេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា​៖ «បើកម្ពុជាគ្មាននិស្សិត ឬបញ្ញាវ័ន្តដែលមានចំណេះជំនាញទេ គ្មានអ្នកណាគេមកវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI ទេ…. ហើយគេក៏មិនចង់វិនិយោគលើកសិ-ឧស្សាហកម្មដែរ បើកសិករយើងភ្ជួរស្រែនឹងរទេះគោនោះ ដូច្នេះយើងត្រូវចេះចាប់យក និងរៀនសូត្រពីបច្ចេកវិទ្យានេះ។ នេះមានន័យថា គេមើលឃើញពីសក្ដានុពលធនធានមនុស្សរបស់យើង..»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណាប់អារម្មណ៍វិនិយោគទាំងនេះ បង្ហាញពីតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការអប់រំ សុខាភិបាល ដែលយើងហៅថា «វិនិយោគសង្គមកិច្ច»។ នៅពេលដែលកម្ពុជាសម្បូរធនធានមនុស្សមានចំណេះដឹង សុខភាពរាងកាយមាំមួន នោះទើបបង្កើតជាឱកាសការងារផ្សេងៗ មិនសម្រាប់តែខ្លួនបុគ្គលនោះទេ តែក៏ជាចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕