អភិបាលខេត្តបាត់ដំបង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២,៦៦១បណ្ណ ជូនប្រជាពលរដ្ឋ១,០០៦គ្រួសារ


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២,៦៦១បណ្ណ ជូនប្រជាពលរដ្ឋ១,០០៦គ្រួសារ នៅក្នុងភូមិអង្គ្រង និងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ឱ្យថែរក្សាបណ្ណទាំងនោះឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេ គួររក្សាទុកសម្រាប់តកូនតចៅ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលចេញដោយក្រសួងផែនការ ត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី។ ចំណែកគ្រួសារទូទៅត្រូវបង់សេវា ៤រៀលក្នុងមួយម៉ែត្រការ៉េសម្រាប់ដីកសិកម្ម និង ៣០រៀលក្នុងមួយម៉ែត្រការ៉េសម្រាប់ដីសាងសង់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន ដងផ្លូវ និងតាមផ្ទះ ដើម្បីបង្កើតភាពបៃតង ស្ដារបរិស្ថាន និងកាត់បន្ថយការកើនឡើងកម្ដៅ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ដោយសារឆ្នាំនេះមានបាតុភូតអែលនីញ៉ូ បណ្ដាលឱ្យអាកាសធាតុក្ដៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរ តែទូទាំងប្រទេស រួមទាំងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តមបានសូមការយោគយល់ពីប្រជាកសិករ ដែលជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ ដោយសារការបើកផ្ដល់ទឹកមានកម្រិត ដើម្បីរក្សាទុកទឹកមួយផ្នែកសម្រាប់ ត្រៀមបង្ការការខ្វះទឹកនៅពេលខាងមុខ។

ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃនេះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ។

ការចែកបណ្ណកម្មសិទ្ធិដីធ្លីនេះ គឺជាការធានានូវសន្តិសុខដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕