គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកអំណោយសម្តេចតេជោ និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ


គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយអំណោយមនុស្សធម៌របស់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងបានធ្វើសេចក្តីបាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ បញ្ហាប្រឈម និងការចូលរួមដោះស្រាយបញ្ហានានានៅមូលដ្ឋាន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីនៃរដ្ឋបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋានបានយ៉ាងល្អប្រសើរ។

ឯកឧត្តមប្រធាន ក៏បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្តមានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់យកអាទិភាពការងារចម្បងចំនួនពីរ គឺ ១.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និង២.ការពង្រឹងកិច្ចអនុវត្តការទូតសភា បន្ថែមលើមុខងារដែលមានស្រាប់ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណ-រដ្ឋកូរ៉េ ថ្ងៃនេះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា បាននាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដែលសុទ្ធសឹងជាឱសថសម្រាប់ព្យាបាលជំងឺទូទៅ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៦០០ ០០០(ហុកសិបម៉ឺន)ដុល្លារអាមេរិក ប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនខ្សត់ខ្សោយ ជនងាយរងគ្រោះគ្រប់រូប និងជនភៀសសឹកនៅខេត្តកំពង់ស្ពឺ ឱ្យកាន់តែប្រសើរឡើង។

សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណ- រដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌ដែលរួមមាន ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ៣លើក រួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៦៥លានដុល្លារអាមេរិក។ នៅត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់ជំនួយមនុស្សធម៌មកព្រឹទ្ធសភាកម្ពុជា បានចំនួន ២២លើក ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៣,៣២៨,៨៣៩.២៣ដុល្លារអាមេរិក ។

ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល៕