អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប


ឯកឧត្តម សូ សុភ័ក្រ្ត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌សម្ដេចតេជោ និងសម្ដេចធិបតី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ដោយមានការចូលរួមពីលោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សូ សុភ័ក្ត្រ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងក្ដីស្រឡាញ់រាប់អានពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្ដេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែង។

ឯកឧត្តមបានបន្តថា អំណោយដែលបាននាំមកជូននាពេលនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយសកម្មភាពនេះ ក៏ជាការស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីចែករំលែក ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយអាជ្ញាធរ ឬថ្នាក់ដឹកនាំមិនបានដឹងនោះឡើយ» ទីណាដែលមានការលំបាក ទីនោះតែងតែមានមុខក្រុមការងារមនុស្សធម៌ និងអាជ្ញាធរចុះទៅជួយអន្តរាគមន៍ និងសម្រាលទុក្ខលំបាកបានទាន់ពេលវេលា។

ឯកឧត្តម សូ សុភ័ក្ត្រ ក៏បានផ្ដាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពរស់នៅឱ្យបានល្អ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបមុខរបរបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ត្រូវរួមគ្នារក្សាសន្តិភាព និងស្ថិរភាពសង្គម ព្រោះសន្តិភាព គឺជាគ្រឹះយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានឱកាសរស់នៅដោយសន្តិវិធី ព្រមទាំងមានជីវភាពកាន់តែប្រសើរឡើង។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានសម្ដែងនូវកតញ្ញូតាធម៌ និងសេចក្តីដឹងគុណបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយនេះ លោកបញ្ជាក់ថា ជាក់ស្ដែងសកម្មភាពមនុស្សធម៌នាពេលនេះ គឺជាស្ដែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោល និងជាការជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា ហើយអាជ្ញាធរមូលដ្ឋានយើងខ្ញុំ សូមប្ដេជ្ញាចិត្តខិតខំបម្រើប្រជាពលរដ្ឋ និងថែរក្សាសន្តិភាព ស្ថិរភាព នៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរឡើង៕