អគ្គនាយក ARDB ប្រាប់កសិករថា ការធ្វើកសិកម្មមិនងាយស្រួលទេ ទាមទារឱ្យខំប្រឹងប្រែង ចេះគ្រប់គ្រងថ្លៃដើម ចេះធ្វើទីផ្សារ និងចេះប្រើប្រាស់បច្ចេក ទើបចំណេញ


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករយើងត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះមានការចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍នៃការចូលរួម ក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ទៀតថា «ការធ្វើកសិកម្មមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការខិតខំប្រឹងប្រែង ការគ្រប់គ្រងថ្លៃដើម ការអនុវត្តតាមបច្ចេកទេស និងការគិតគូរពីទីផ្សារជាមុន ដើម្បីធានាថាការផលិតទទួលបានប្រាក់ចំណេញ និងអាចលើកកម្ពស់ជីវភាពគ្រួសារបានប្រកបដោយចីរភាព»

ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ពាក់ព័ន្ធនឹងផលប៉ះពាល់នៃ បាតុភូតអែលនីញ៉ូវិញ ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈបណ្តាប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសបារាំង ក៏បានជួបប្រទះរលកកម្តៅ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដែរ ដូចជាប្រទេសម៉ាឡេស៊ីកំពុងបង្កើនការបញ្ជាទិញស្រូវ និងអង្ករ ដើម្បីធានាថាមានស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងករណីបាតុភូតអាកាសធាតុខ្លាំងនេះអូសបន្លាយរយៈពេលយូរ។

ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឱ្យកសិករ ផលិតដោយមានការទទួលខុសត្រូវ និងស្មោះត្រង់ ដោយមិនត្រូវប្រើប្រាស់សារធាតុគីមី ឬបាញ់ថ្នាំជំរុញឱ្យដំណាំឆាប់ទុំ ដែលអាចប៉ះពាល់ដល់គុណភាពសុវត្ថិភាពចំណីអាហារ និងកេរ្តិ៍ឈ្មោះកសិផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ដូច្នេះសូមប្រជាកសិករតាមដាន ការព្យាករណ៍អាកាសធាតុដែលចេញផ្សាយ ដោយក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ ព្រមទាំងត្រៀមប្រភពទឹក និងបូមទឹកបញ្ចូលស្រែឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតដំណាំដែលអាចកើតមានឡើង ដោយសារគ្រោះរាំងស្ងួតនិងការប្រែប្រួលអាកាសធាតុ៕