អគ្គិសនីកម្ពុជា (EDC) សហការជាមួយធនាគារពិភពលោក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបឋមពីទីផ្សារ និងលទ្ធភាពនៃការចូលរួមរបស់គម្រោង Early Market Engagement (EME) សម្រាប់គម្រោងប្រព័ន្ធស្តុកថាមពលអគ្គិសនី (BESS) ខ្សែបណ្តាញបញ្ជូនអគ្គិសនី និងអនុស្ថានីយ ក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា Cambodia Sustainable Energy Transition (CSET)។
សិក្ខាសាលានេះដែរបានធ្វើឡើងទីស្តីការអគ្គិសនីកម្ពុជា ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងមានការចូលរួមពីតំណាងធនាគារពិភពលោក តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ និងភាគីពាក់ព័ន្ធច្រើនរូបទៀត។
គម្រោងនេះនឹងទទួលបានឥណទានសម្បទាន ១១០លានដុល្លារអាមេរិក និងជំនួយឥតសំណង ៥លាន ដុល្លារអាមេរិក សរុបរួម ១១៥លានដុល្លារអាមេរិក ពីធនាគារពិភពលោក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តគម្រោងដោយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា (EDC) ដែលមានទំហំការងារស្ថិតក្នុងក្របខ័ណ្ឌរបស់អគ្គិសនីកម្ពុជា មានដូចជា៖ សាងសង់ខ្សែបញ្ជូនអគ្គិសនី និងអនុស្ថានីយអគ្គិសនី, ប្រព័ន្ធអាគុយស្តុកថាមពល Battery Energy Storage System (BESS), ការពង្រីកបណ្តាញចែកចាយ និងការពង្រឹងបណ្តាញចែកចាយ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរថយន្ត អគ្គិសនី ការរៀបចំពង្រីកបណ្តាញចែកចាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនាឡិកាស្ទង់ទំនើប (Advanced Metering Infrastructure)។
យោងតាមនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក តម្រូវឱ្យមានសិក្ខាសាលានេះក្នុងគោលបំណងបង្ហាញអំពីគម្រោង និងផែនការអនុវត្ត លក្ខណៈបច្ចេកទេស និងការរៀបចំនីតិវិធីលទ្ធកម្ម ព្រមទាំងទទួលយកយោបល់ពីក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ និងភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព តម្លាភាព និងការអនុវត្តតាមស្តង់ដារអន្តរជាតិ។
ការពង្រីកបណ្តាញបញ្ជូន អនុស្ថានីយអគ្គិសនី និងខ្សែបណ្តាញចែកចាយ នឹងបង្កើនសមត្ថភាពនៃការផ្គត់ ផ្គង់ថាមពល ក៏ដូចជាកលម្អគុណភាព និងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយចីរភាពទៅកាន់តំបន់ដែលមានតម្រូវការ កើនឡើង ព្រមទាំងបង្កើននូវអត្រាផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជាពិសេសអ្នកនៅសេសសល់តិចតួចដែលបានដាក់បញ្ជូល ក្នុងកម្មវិធីតភ្ជាប់ចុងក្រោយ។ ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជួយ ដល់វិស័យដឹកជញ្ជូន។ លើសពីនេះប្រព័ន្ធនាឡិកាស្ទង់ទំនើប (AMI) ធ្វើឱ្យមានបណ្តាញអគ្គិសនីឆ្លាតវៃ កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់អតិថិជន។ ជារួមគម្រោងនេះនឹងរួមចំណែកដល់ការកែលម្អគុណភាពជីវិត និងរក្សាភពផែនដីរបស់យើងឱ្យបៃតង និងមានចីរភាពបរិស្ថាន៕














