សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែក​សិទ្ធិ​មនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជា​ធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រ​ដំណើរ​​លើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុ​ង​ន័យនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែក​សិទ្ធិ​​មនុស្សរបស់អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជា លោក ថូម៉ាស់ អេន​ឌ្រូ នឹងធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់លទ្ធិ​ប្រជា​ធិប​តេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ថូម៉ាស់ អេនឌ្រូ ចូលជួប​សម្តែង​ការគួរសម និងជជែកលើកិច្ចការមួយចំនួនពាក់ព័ន្ធដំណើរ​ប្រជា​ធិប​តេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានការអបអរសាទរ​ចំពោះ ​លោក ថូម៉ាស់ អេនឌ្រូ ដែល​ទទួល​​​បានការតែងតាំងជារាយការណ៍ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ជំនួសលោក វីទិត មុតាប៊ន ដែលបានលាលែងពីតំណែងកាលពី​ពេល​ថ្មីៗ​នេះ​។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ជំនួបរបស់សម្ដេច​ជាមួយ​លោក ​អេន​ឌ្រូ ​នាពេលនេះ នឹងជួយឱ្យលោកឈ្វេងយល់អំពី​វឌ្ឍនភាព​​ស្ថានភាពសិទ្ធិ​មនុស្ស ក៏ដូចជាដំណើរការប្រជាធិប​តេយ្យនៅ​​កម្ពុជា​។

លោក ថូម៉ាស់ អេនឌ្រូ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និង​សហ​ការី​បាន​ជួបសម្តែងការគួរសម​។ លោក​វាយតម្លៃខ្ពស់​ចំពោះជំនួបនេះ ហើយគឺជាសញ្ញាវិជ្ជមានដ៏ល្អ បង្ហាញ​អំពី​ការផ្ដល់តម្លៃ​ទៅលើការ​ជជែក​ពិភា​ក្សា​គ្នាអំពីបញ្ហាសិទ្ធិមនុស្ស។

ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាន​រំលឹក​កាលពីពេលលោកធ្វើជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំនៅមីយ៉ាន់ម៉ា លោកមិនមានឱកាសជួប​ជា​មួ​យ​មេដឹក​នាំ​កំពូលប្រទេសមីយ៉ាន់ម៉ានោះឡើយ។ ត្រង់ចំណុចនេះ លោក​វាយ​តម្លៃខ្ពស់​ចំពោះការផ្ដល់ឱកាសរបស់សម្ដេចតេជោ ឱ្យលោកបានជួប។

​​លោក ថូម៉ាស់ អេនឌ្រូ ​ក៏បាន​រំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ពេលនៅជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ដោយអំពាវ​នាវឱ្យ​បន្ធូរ​បន្ថយ​​​ទោសដល់អ្នកទោសមីយ៉ាន់ម៉ា ដែលត្រូវកាត់ទោសប្រហារជីវិត។ លោក អេនឌ្រូ បានលើកឡើងថា លោកចាប់អារម្មណ៍​ខ្ពស់ ​ចំពោះ​ការអំពាវ​នាវ​របស់សម្ដេចតេជោកាលពីពេលនោះ។

លោក អេនឌ្រូ បាន​អប​អរសាទរ និងកោតសរសើរ​កម្ពុជា ដោយបាន​លើក​ឡើង​​​ថា​ កម្ពុជា​ គឺជាប្រទេសឈានមុខគេមួយក្នុងតំបន់​ក្នុងការ​ផ្ដល់​សច្ចា​ប័ន​ទាក់ទងទៅនឹងសន្ធិសញ្ញាសិទមនុស្សអន្តរជាតិ។ នេះជាចំណុចដ៏ល្អ​ប្រសើរ​មួយ​​ដែល​កម្ពុជា​បាន​ធ្វើ ហើយមានការកោតសរសើរពីសំណាក់​អ្នករាយ​ការណ៍​​ពិសេសរបស់អង្គការសហជាតិ។

ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជា​ជាតិប្រចាំនៅកម្ពុជា លោក អេនឌ្រូ ក៏បានលើកឡើងអំពីចំណុចខ្វះខាតមួយ​ចំនួនពាក់ព័ន្ធស្ថានភាពសិទ្ធិ​មនុស្ស និងការ​បញ្ចេញ​មតិ។

ឆ្លើយតបការលើកឡើងរបស់លោក អេនឌ្រូ អំពីចំណុចខ្វះខាតមួយ​ចំនួន​ពាក់​ព័ន្ធសិទ្ធិមនុស្ស ជា​ពិ​សេសទាក់ទងសេរីភាពនៃការបញ្ចេញមតិ, សម្ដេចតេ​ជោ ហ៊ុន សែន បានលើកឡើងថា ពេលនិយាយអំពីសិទ្ធិ​មនុស្ស​គេត្រូវ​និយាយ​​អំពី​សិទ្ធិរស់រៀនមានជីវិតជាមុនសិន ដែលជាការផ្ដល់​អា​ទិ​ភាព​របស់​រដ្ឋាភិ​បាល​កម្ពុជា។ ដូច្នេះសិទ្ធិបញ្ជេញមតិ អាចកើតមានទៅ​បាន​អាស្រ័យលើ​សិទ្ធិ​រស់រៀន​មានជីវិត រស់រៀនមានជីវិត មានសន្តិភាព ស្ថេរភាព​ជាដើម ទើបមានសិទ្ធិបញ្ចេញមតិ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា ការ​បញ្ចេញមតិទាំងឡាយ រាជរដ្ឋាភិបាលកម្ពុជា​បច្ចុប្បន្ន​ ដឹកនាំ​ដោយ​សម្ដេចមហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែត ក៏ដូចជាពេលសម្ដេច​តេជោ ធ្វើជា​នា​យករដ្ឋមន្ត្រី គឺ​បានបើក​សិទ្ធិសេរី​ភាពពេញលេញក្នុងការ​បញ្ចេញមតិរបស់​ប្រជា​ពលរដ្ឋ ឬការ​អនុវត្តសិទ្ធិ​មនុស្ស។ ប៉ុន្តែសិទ្ធិបញ្ចេញមតិទាំងឡាយត្រូវស្ថិតនៅ​ក្រោមក្រប​ខណ្ឌ​ច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញ​របស់កម្ពុជា​តែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្តេចបើកសិទ្ធិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ក៏​ប៉ុន្តែ​​បើក្នុងន័យប្រាសចាក​អំពីរដ្ឋ​ធម្មនុញ្ញ​របស់កម្ពុជាហើយ នោះមិនមែន​ជា​សិទ្ធិនៃការបញ្ចេញមតិទេ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាបន្ថែមថា ការ​អនុវត្តប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សសម្រាប់ប្រទេសនានានៅលើសកលលោកនេះ សេរី​ភាព​នៃការ​បញ្ចេញមតិ មិនមានប្រទេសណាមួយអនុវត្តបានល្អឥត​ខ្ចោះ​នោះឡើយ ពោលគឺតែងតែមានចំណុចខ្វះខាត។ ប៉ុន្តែការខ្វះខាតនោះ ត្រូវបានកែលំអ និងស្ថាបនាជាបន្តបន្ទាប់។ សម្តេចតេជោ សង្ឃឹមថា លោក អេនឌ្រូ នឹងធ្វើការជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញវឌ្ឍនភាពផ្នែកសិទ្ធិម​នុ​ស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ៕