នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរ ប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៤វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះ វិស័យពុទ្ធចក្រ និងអាណាចក្រ ក៍មានការរីក ចម្រើនទន្ទឹមគ្នា ក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាចលករធ្វើ អោយពុទ្ធបរិស័ទមានជីវភាពធូរធា និងបានចូលរួមកសាងទីវត្ត អារាមឱ្យមានការរីកចម្រើនជាលំដាប់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុង ពុទ្ធសាសនា គឺជាអំឡុងពេលដ៏សំខាន់ ដើម្បីឲ្យភិក្ខុសាមណេរបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធប្បញ្ញត្តិរយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយការនាំយក គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា អស់ កាលត្រីមាសនាពេលនេះ គឺដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិក្សារៀនសូត្រនូវធម៌វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ជាមួយគ្នានេះផងដែរឯកឧត្តម អ៊ី ឈាន បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូលពីព្រោះរដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើត ឡើង ជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបាន លឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួម សម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថាឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានប្រគេនដល់ព្រះសង្ឃ ដែល គង់ចាំ ព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣៤វត្ត ដោយក្នុង១វត្តៗទទួលបាន ៖ ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ទឹកត្រី ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ៕











