អភិបាលខេត្តព្រះវិហារ អំពាវនាវពង្រឹងភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងសមាគម-អង្គការមិនមែនរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យពង្រឹងភាពជាដៃគូរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមាគម-អង្គការ មិនមែនរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ការថ្លែងអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលកំពុងអនុវត្តសកម្មភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការពិគ្រោះយោបល់ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់អំពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា ដែលសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍កំពុងជួបប្រទះក្នុងការអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ វេទិកាក៏ផ្តោតលើការតម្រង់ទិសការអនុវត្តតួនាទី និងភារកិច្ចឱ្យស្របតាមច្បាប់ លក្ខន្តិកៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីនេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អនុវត្តការងារមនុស្សធម៌ ការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពនានានៅក្នុងខេត្តព្រះវិហារ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់ថា៖ ការសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាសំខាន់ក្នុងការធានាឱ្យការអនុវត្តគម្រោង និងសកម្មភាពនានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងលើកទឹកចិត្តឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាភាពសុខដុមរមនា និងធ្វើការរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងជំរុញការអភិវឌ្ឍខេត្តព្រះវិហារឱ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយចីរភាព៕