ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council “US-ABC”)។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនចំនួន ១៣ រួមមាន៖ SC Johnson, Ford Motor, ConocoPhillips, Target, Coca-Cola, IMSG, Mastercard, VISA, Roche, RMA Group, Phillip Morris International, Abbott, និង Vriens & Partners ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការីពាក់ព័ន្ធ ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក Brian D. McFeeters, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបន្តវិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាម៉េរិកជាច្រើននៅកម្ពុជា។
ជាក់ស្ដែង, ក្នុងឆ្នាំ ២០២៥នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក ខណៈទុនវិនិយោគពីសហរដ្ឋអាម៉េរិកបានកើនដល់ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំនៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់រយៈពេលមធ្យមទៅវែង។
ស្របជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍រាល់កាលានុវត្តវិនិយោគ ដែលជាការវិនិយោគមានតម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព និងមានសក្ដានុពលខ្ពស់ រួមមានវិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និង បច្ចេកវិទ្យាទំនើប ជាដើម។
លោក Brian D. McFeeters ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនានាកន្លងមក ដោយធ្វើការកត់សម្គាល់អំពីការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំ នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់យ៉ាងនេះក្តី។
ជាមួយគ្នានេះ, លោកក៏បានស្នើឱ្យក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់ លើកឡើងអំពីបញ្ហាប្រឈមថ្មី ដែលកំពុងជួបប្រទះ និងស្នើឱ្យក្រុមហ៊ុន ដែលកំពុងស្វែងរកឱកាសវិនិយោគសាកសួរអំពីសក្កានុពលវិនិយោគ នៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា ដែលលើកឡើងដោយតំណាងក្រុមហ៊ុនទាំង ១៣ ក៏ដូចជាបានជម្រាបពីដំណើរការកែទម្រង់ជារចនាសម្ព័ន្ធសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹងអនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាព និងជាពិសេសជំរុញការចូលរួមសហ-ការជាមួយរាជរដ្ឋាភិបាល តាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ភាពទាន់ពេល និងភាពព្យាករបាននៃការប្រែប្រួលគោលនយោបាយនានា។
បន្ថែមលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសវិនិយោគតាមមុខសញ្ញាវិនិយោគរបស់ខ្លួន និងក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការ ធ្វើការសហការទាក់ទងជាមួយក្រសួងស្ថាប័ន ទទួលបន្ទុកតាមជំនាញពាក់ព័ន្ធដោយផ្ទាល់ផងដែរ។
ក្រោយកិច្ចពិភាក្សា, លោក Brian D. McFeeters សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាពសេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងក្រុមហ៊ុនពហុ-ជាតិអាម៉េរិក ដែលបានចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ សំដៅគាំទ្រកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕















