ក្រសួងព័ត៌មានបានចាប់ផ្តើមយុទ្ធនាការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ខ្លួនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ប្រកបដោយគណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារជំរឿនរបស់ក្រសួងព័ត៌មាន សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចូលរួមធ្វើជំរឿនក្នុងថ្ងៃទី១ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការផ្សេងៗទៀត ក៏នឹងត្រូវធ្វើជំរឿនគ្រប់ៗគ្នាទៅតាមកាលបរិច្ឆេទ និងទីតាំងដែលក្រុមការងារបានកំណត់នៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។
យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ និងកែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកបៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង។
សកម្មភាពជំរឿននេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានូវតម្លាភាពក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យព័ត៌មាន ក៏ដូចជាឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕


















































