ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល ដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល សរុបចំនួន ១៩២នាក់ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបជូនអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំស្រុក ជាពិសេសក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត និងធ្វើបទបង្ហាញអំពីតួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងផ្សព្វផ្សាយអំពីអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី «តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន» ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលឃុំ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
នៅក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ លោកស្រីបណ្ឌិត ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយនូវរាល់បញ្ហានីមួយៗ ដែលបានលើកឡើងដោយអ្នកចូលរួម និងទទួលបាននូវការថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតពីអ្នកចូលរួម ដោយហេតុថា ប្រធានបទនៃបទឧទ្ទេសនាម គឺឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តជាក់ស្តែង ដែលបានជួបប្រទះនៅតាមមូលដ្ឋានរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ។
ជាកិច្ចបន្ត ឯកឧត្តម ម៉ម ប៊ុននាង បានផ្សព្វផ្សាយអំពី អនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព ដើម្បីឆ្លើយតបនឹងអ្វី ដែលក្រុមប្រឹក្សាឃុំ សង្កាត់បានលើកឡើងពាក់ព័ន្ធនឹងការវិភាជថវិកាជូនថ្នាក់ក្រោមជាតិនៅមានកម្រិត។ ឯកឧត្តមប្រធានក្រុម បានជម្រាបបន្ថែមថា អនុក្រឹត្យលេខ ៧៦ អនក្រ.បក ដែលដាក់ចេញដោយប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមកនេះ គឺមានគោលដៅធានាសមធម៌ និងតម្លាភាពនៃការអភិវឌ្ឍមូលដ្ឋាន ដោយបែងចែកធនធានពីតំបន់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានចំណូលខ្ពស់ ទៅជួយទ្រទ្រង់ដល់រដ្ឋបាលដែលមានសក្តានុពលសេដ្ឋកិច្ច ឬចំណូលទាប ព្រមទាំងបង្កើនសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school) ចំនួន ១០០កន្លែង សម្រាប់ឃុំនីមួយៗ ដែលមានបំណងសិក្សាចំណេះទូទៅ និងជំនាញផ្សេងៗ តាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុម បានជម្រាបជូនអង្គពិធីនូវព្រឹត្តការណ៍សំខាន់ៗ ទាក់ទងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា ដោយលើកឡើងថា ថ្នាក់ដឹកនាំកម្ពុជា បានខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្មតាមរយៈយុទ្ធសាស្ត្រការទូត ដោយចូលរួមកិច្ចប្រជុំអន្តរជាតិធំៗនានា ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ ជាលទ្ធផល នាពេលថ្មីៗនេះ មហាសន្និបាទសភាប្រើភាសាបារាំង ជិត១០០ប្រទេស បានបើកកិច្ចប្រជុំពេញអង្គ និងចេញសេចក្តីសម្រេចអំពាវនាវឱ្យភាគីថៃគោរពនូវអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពដែលបង្កឡើងជាឯកតោភាគីពីសំណាក់យោធាថៃ។ ទន្ទឹមនេះ ប្រទេសរុស្ស៊ី ក៏បានប្រកាសគាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាពការពារជាតិ ដោយរុស្ស៊ីបានប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលយោធា និងការគាំទ្រផ្នែកបរិក្ខារយោធាដល់កងទ័ពកម្ពុជាផងដែរ។
ជាកិច្ចបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១៤,៣០០,០០០រៀល៕



















