ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បន្តសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន២ទៀត នៅខណ្ឌឫស្សីកែវ


នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន២ទៀត រួមមានសង្កាត់គីឡូម៉្រែតលេខ៦ និងសង្កាត់ឬស្សីកែវ នៅស្នាក់ការគណបក្សខណ្ឌឫស្សីកែវ និងស្នាក់ការគណបក្សសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបជុំជាមួយបងប្អូនសកម្មជនដ៏អង់អាច ដែលតែងតែខិតខំនាំមកនូវជោគជ័យជូនគណបក្សជាបន្តបន្ទាប់។ លោកបានបន្តថា ដើមឡើយ ឯកឧត្តម មានបំណងរៀបចំសំណេះសំណាលនេះរួមគ្នាទាំង៧ សង្កាត់ ក្នុងខណ្ឌឬស្សីកែវតែម្តង ប៉ុន្តែដោយគិតថា ខណ្ឌនីមួយៗមានបញ្ហាប្រឈមផ្សេងៗ និងស្ថានភាពខុសគ្នា ទើបសម្រេចរៀបចំដាច់ដោយឡែក ដែលតម្រូវឱ្យមានការពិភាក្សា និងដោះស្រាយឱ្យបានចំគោលដៅ និងទាន់ពេលវេលា។

ឯកឧត្តមលើកឡើងដែរថា គោលបំណង នៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីឱ្យជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងក្តាប់នូវព័ត៌មានលម្អិត និងស្ថានភាពជាក់ស្តែងតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តមបណ្ឌិត បានជំរុញឱ្យសមាជិក សមាជិកា គណបក្ស ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព ព្រមទាំងត្រូវខិតខំលុបបំបាត់រាល់ភាពអសកម្មទាំងឡាយណាដែលកើតមានកន្លងមក ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

ឯកឧត្តមបណ្ឌិត សង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណ្តិតទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។

ពិធីចុះសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៧ សង្កាត់ ក្នុងខណ្ឌឫស្សីកែវទាំងមូលនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងសង្កាត់ចំនួន៣ មានដូចជា សង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំេរះទី១ សង្កាត់ច្រាំងចំរេះទី២ ខណៈសល់ខណ្ឌចំនួនពីរទៀត គឺខណ្ឌសង្កាត់ទួលសង្កែទី១ និងទី២ ដែលនឹងជួបជាបន្តបន្ទាប់៕