លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។
លោកជំទាវបានថ្លែងដូចនេះ ក្នុងពិធីប្រគេនបច្ច័យនិងទានចំណាំព្រះវស្សាដល់៤០វត្តស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅវត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលិត ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភារាជ រដ្ឋាភិបាលក្រុមប្រឹក្សាខេត្តកំពង់ធំ និង មន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។
លោកជំទាវបន្តថា ការរៀបចំពិធីនេះឡើង គឺកើតឡើងពីការចូលរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនិងក្រុមការងារចុះជួយស្រុកកំពង់ស្វាយដើម្បីផ្សារភ្ជាប់នឹងគោរពប្រណិប័តន៍និងបានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនានិងការ គោរពប្រណិប័តដ៏ជ្រាលជ្រៅចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើង។
លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងសហការគ្នាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង។
លើសពីនេះទៅទៀត ការប្រគេនទៀនចំណាំព្រះវស្សានេះ បង្ហាញពីការសាមគ្គីភាពក្នុងសង្គមនិងគាំទ្រ លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងដើម្បីឧទ្ទិស
មហាកុសលជូនដួងវិញ្ញាណក្ខន្ធជីដូន ជីតាញាតិកាទាំងប្រាំពីរសន្តាន ព្រមទាំងវីរកងទ័ពដែលបានពលីជីវិតដើម្បី
ជាតិមាតុភូមិ ។
លោកជំទាវបន្តថា អ្វីដែលយើងកំពុងមានថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
សូមបញ្ជាក់ថា វត្តនីមួយៗទទួលបានទៀនវស្សា១គូ អង្ករ៥០គីឡូ ទឹកសុទ្ធ ២កេស ទឹកក្រូច២កេស, ទឹកស៊ីអ៉ីវ ១ យួរ ទឹកត្រី១យួរ ត្រីខ១យួរសៀង១កែវ ២ គីឡូកន្លះ និងបច្ច័យមួយចំនួនផងដែរ ព្រមទាំងជូនតាយាយចំនួន២០០នាក់ ដោយម្នាក់ៗ ទទួលបានសារុងចំនួន១៕



















