នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបគណៈអុីម៉ាំខេត្តរតនគិរី និងខេត្តមណ្ឌលគីរី (គណៈចលនាសាសនិកឥស្លាមកម្ពុជា) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ដើម្បីពិភាក្សា និងតម្រង់ទិសលើការងារសហគមន៍ឥស្លាម នៅក្នុងខេត្តទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការថែរក្សាសុខសន្តិភាព សុខដុមរមនាសាសនា និងបានណែនាំលើកទឹកចិត្តដល់គណៈអុីម៉ាំទាំងពីរ ឲ្យបន្តបំពេញតួនាទីជាអ្នកដឹកនាំគំរូ សម្របសម្រួលកិច្ចការសាសនា និងជួយដោះស្រាយបញ្ហានានា ក្នុងសហគមន៍ដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យថ្នាក់ដឹកនាំគណៈអ៉ីមាំខេត្តទាំងពីរខាងលើ ក៏ដូចជាខេត្តផ្សេងៗទៀត ត្រូវអនុវត្តកិច្ចការសាសនា និងការប្រតិបត្តិច្បាប់សាសនាដោយប្រកាន់ «និយមកណ្តាល» ចៀសវាងដាច់ខាតនូវភាពតឹងរ៉ឹងជ្រុលនិយម ដែលអាចបង្កឲ្យមានការបែកបាក់ក្នុងសហគមន៍ឥស្លាម។ រាល់ការបកស្រាយ ឬការទេសនាធម៌ ត្រូវតែមានភស្តុតាងច្បាស់លាស់ ស្របតាមការឯកភាពគ្នារបស់អ្នកប្រាជ្ញ ឥស្លាមទូទាំងពិភពលោក ដែលបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងម៉ាក្កះ ក្នុងឆ្នាំ២០១៩ និងបានចេញសេចក្តីប្រកាសរួមមួយ តម្រូវឲ្យសាសនិកឥស្លាមទាំងអស់ ប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ កណ្តាលនិយម។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានក្រើនរំលឹកដែរថា រាល់ការប្រតិបត្តិសាសនាត្រូវតែចៀសវាងការប៉ះពាល់ ឬបៀតបៀនដល់សាសនាដទៃ និងសាសនាខ្លួនឯង ដោយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមច្បាប់របស់រដ្ឋ ជាពិសេសមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើឲ្យយកចិត្តទុកដាក់ លើការអប់រំទាំងផ្នែកសាសនា និងចំណេះដឹងទូទៅដល់ក្មេងៗជំនាន់ក្រោយ ព្រមទាំងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។
គណៈអុីម៉ាំខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ដែលជាខេត្តនៅឆ្ងាយពីទីក្រុងភ្នំពេញ និងមានភូមិឥស្លាមនៅឆ្ងាយៗពីគ្នា ដោយភូមិខ្លះមានចម្ងាយរាប់រយគីឡូម៉្រែតពីទីរួមខេត្ត បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំដ៏មានសារៈសំខាន់ ព្រមទាំងបានប្តេជ្ញាចិត្តថា នឹងយកអនុសាសន៍ទាំងអស់នេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងសាមគ្គីភាព និងការអភិវឌ្ឍក្នុងសហគមន៍ឥស្លាមនៅភូមិភាគឦសាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ថ្វីបើមានឧបសគ្គពីចម្ងាយផ្លូវ និងការធ្វើដំណើរក៏ដោយ ក៏ការតស៊ូ និងការខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពក្នុងសហគមន៍៕

