ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ចេញផែនការរួមឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧


ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២, ការដាក់ចេញផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមទាំងប្រកាសសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត សម្រាប់ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

កិច្ចប្រជុំនេះផ្តោតលើគោលបំណងសំខាន់ចំនួន ៣ គឺ៖ ១៖ បូកសរុបលទ្ធផលការងារឆមាសទី១ ដោយវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦, ២៖ ដាក់ចេញផែនការរួមនៅថ្នាក់ស្រុក សម្រាប់ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧, និង៣៖ សេចក្តីសម្រេចស្តីពីការបង្កើត និងតែងតាំងសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ក្រុមប្រឹក្សាស្រុក ប្រធានគណៈកម្មាធិការគណបក្សស្រុក ឃុំ, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណ ៣០០នាក់។

ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សដាក់ចេញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានគណបក្សខេត្តកំពង់ធំផ្សព្វផ្សាយសម្រាប់អនុវត្តក្នុងក្របខ័ណ្ឌខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក គឺជាផ្លែផ្កានៃការរួបរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការល្អ និងការលះបង់សព្វគ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំ គ្រប់ផ្នែក គ្រប់ថ្នាក់ និង សមាជិកគ្រប់ៗរូប ដោយប្រកាន់ខ្ជាប់នូវស្មារតី «ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ» ដើម្បីបុព្វហេតុគណបក្ស និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ គូបញ្ជាក់បន្ថែមថា ផែនការរួមរបស់ស្រុកបារាយណ៍ ត្រូវបានរៀបចំទៅតាមការណែនាំរបស់ថ្នាក់កណ្តាល និង ថ្នាក់ខេត្ត ព្រមទាំងស្របតាមស្ថានភាពជាក់ស្តែង និងចាត់ទុកជាត្រីវិស័យនៅថ្នាក់ស្រុក សម្រាប់ក្រុមការងារគ្រប់ថ្នាក់ ក្នុងការពង្រឹងការអនុវត្តការងារ ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ បានណែនាំឲ្យថ្នាក់ឃុំ និង ក្រុមការងារចុះជួយគ្រប់លំដាប់ថ្នាក់ ត្រូវមានផែនការសកម្មភាពអនុវត្តជាក់ស្តែង រៀបចំប្រតិទិនការងារ និង ចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ស្របតាមគោលការណ៍ ច ៣ (ចុះជួប ចុះជួយ ចុះចាយ) ព្រមទាំងអនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់៕