(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) ដែលនឹងជះឥទ្ធិពលដល់អាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, ព្យុះនេះបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយនឹងបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។
យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះ «ដូលហ្វីន» នេះទេ។ ទោះជាយ៉ាងណាឥទ្ធិពលនៃព្យុះនេះនឹងធ្វើឱ្យតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។
ចំណែកឯតំបន់ខ្ពង់រាបវិញ ដូចជា៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៥០%។ ដោយឡែកតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងទទួលរងឥទ្ធិពលខ្លាំងជាងគេ ដោយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០% ព្រមទាំងមានរលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕


