សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រៀបចំស្រង់ឈ្មោះយោធិនដែលឈរជើងនៅជួរមុខ ជាពិសេសយោធិនដែលចេញប្រយុទ្ធការពារទឹកដីពីការឈ្លានពានទាំង២លើក ដើម្បីដំឡើងឋានន្តរស័ក្តិជូនពួកគាត់ឱ្យស័ក្តិសមនឹងតម្លៃនៃការលះបង់ដើម្បីបុព្វហេតុការពារជាតិ និងទឹកដី។
ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ថ្ងៃមុនបានឱ្យឯកឧត្តម ឥត សារ៉ាត់ ស្រង់ឈ្មោះយោធិនរបស់យើងជាពិសេសអ្នកទើបនឹងចូល ប្អូនៗក្មួយៗ ដែលទើបនឹងចូលការពារទឹកដីថ្មីៗឱ្យរៀបចំដំឡើងស័ក្តិ ព្រោះច្បាប់ដូច១ឆ្នាំជាង ខ្ញុំថាអាឡូវគាត់វ៉ៃ ២ដងហើយ ដំឡើងឱ្យតែម្តងទៅសម្រាប់យោធិនដែលទើបចូលថ្មីៗនេះ»។
ជាមួយគ្នានេះដែរ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សម្រាប់មេដាយ គឺត្រូវធ្វើមេដាយមួយពិសេសសម្រាប់សមរភូមិ ប៉ុន្តែមេដាយការពារជាតិយើងមានស្រាប់ គឺត្រូវរៀបចំជូនយោធិនទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងឈរជើងការពារទឹកដីគ្រប់ទិសទាំងអស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូូសបញ្ជាក់ថា សម្រាប់យោធិន ដែលបានចេញប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិកាលជុំទី១ មានរយៈពេល៥ថ្ងៃ និងជុំទី២ រយៈពេល២១ថ្ងៃ តតាំងជាមួយនឹងការឈ្លានពាន គឺត្រូវផ្តល់ជូនជាករណីពិសេសតែម្តង។
«ព្រោះតាមធម្មតា ទាល់តែ១ឆ្នាំជាង តែអីឡូវបើគាត់វ៉ៃហើយ គាត់ចេញប្រយុទ្ធយកជីវិតគាត់ដាក់ហើយ អ្វីដែលយើងងអាចជួយគាត់បាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
ការសម្រេចចិត្តនេះ គឺដើម្បីធានាបាននូវយុត្តិធម៌ និងការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ។ តាមរយៈការដំឡើងស័ក្តិ កងទ័ពនឹងទទួលបានការទទួលស្គាល់ជាផ្លូវការនូវស្នាដៃ និងការលះបង់របស់ខ្លួន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបន្តបេសកកម្មការពារជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
រាជរដ្ឋាភិបាលប្តេជ្ញាបន្តគាំទ្រ និងលើកកម្ពស់វិស័យការពារជាតិ តាមរយៈការយកចិត្តទុកដាក់លើធនធានមនុស្ស និងការកសាងសមត្ថភាពកងទ័ពឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិទាំងមូល៕









































