ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុទើបបញ្ចប់ការសាងសង់ ចំនួន ២ខ្សែ ស្ថិតនៅក្នុងខេត្តតាកែវ ដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ភូមិពោន-វត្តក្រពុំឈូក ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុងមានប្រវែងសរុប ៦,៧៨គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជន្ទល់មេឃ ឃុំពេជសារ ទៅដល់ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៣៧៩ គ្រួសារ ស្មើនឹង ៥ ៩៩៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣ ១៧៣គ្រួសារ ស្មើនឹង ១៣ ០៦៣នាក់។ ខ្សែផ្លូវនេះ បានបញ្ចប់ការសាងសង់ ១០០% កាលពីខែមករា ឆ្នាំ២០២៦។
ខ្សែទី២៖ ឈ្មោះផ្លូវ ដើមដូង-Road No.111 ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១៥,៧៥គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិសំរោង ឃុំរមេញ ទៅដល់ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែក ដោយមានអ្នកទទួលផល ដោយផ្ទាល់ចំនួន ២ ០៥១គ្រួសារ ស្មើនឹង ៨ ៨៥០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៦៩២គ្រួសារ ស្មើនឹង ៧ ៦២៣នាក់។ ខ្សែផ្លូវនេះ បានបញ្ចប់ការងារសាងសង់ ១០០% កាលពីខែកញ្ញា ឆ្នាំ២០២៥។
ខ្សែផ្លូវចំនួន ២ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។ ក្នុងឱកាសពិនិត្យនោះ លោករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញដល់ ក្រុមហ៊ុន ទទួលការធ្វើការកែលម្អ ចំណុចខូចខាតឱ្យរឹងមាំ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ប្រើប្រាស់បានយូរអង្វែង។
បន្ទាប់ពីបានពិនិត្យគុណភាពផ្លូវខាងលើរួចមក លោករដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវមួយខ្សែ ដែលមាន ឈ្មោះផ្លូវ វត្តត្រឡាច-ភូមិរូង ជាផ្លូវក្រាលក្រួសធម្មជាតិ មានប្រវែង ៧,៨០គ.ម.តភ្ជាប់ទៅភូមិទន្លេ ភូមិឆឹស ភូមិត្រពាំងត្រាវ ភូមិត្រឡាច ក្នុងឃុំត្រឡាច ស្រុកទ្រាំង និងភូមិត្រពាំងកក់ និងភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណែ្តត ខេត្តតាកែវ។ ក្នុងនោះមានប្រជាជនប្រើប្រាស់ចំនួនភូមិ ១០ភូមិ ស្មើនឹង ១ ២៩៩គ្រួសារ នៃឃុំត្រឡាច ស្រុកទ្រាំង និងភូមិចំនួន ៧ភូមិ ស្មើនឹង ១ ៦០២គ្រួសារ នៃឃុំធ្លាជុំ ស្រុកកោះអណ្ដែត។
ក្នុងឱកាសពិនិត្យស្ថានភាពនោះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្កើតការតភ្ជាប់ពីតំបន់ជនបទទៅកាន់ទីប្រជុំជន និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
ឆ្លៀតក្នុងឱកាសពិនិត្យគុណភាព និងស្ថានភាពនេះ លោករដ្ឋមន្ដ្រី និងគណៈប្រតិរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពស្រះទឹកសហគមន៍មួយកន្លែង ដែលមានបណ្ដោយ ៥២ម៉ែត្រ ទទឹង ៣២ម៉ែត្រ ជម្រៅ ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង ដែលមានអ្នកទទួលផលចំនួន ៩៨គ្រួសារ ស្មើនឹង ៤៦៥នាក់។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០២៤ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ៕






















