ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាមតិ ក្រោមប្រធានបទ «ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង» និង «ការសង្គ្រោះស្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងខេត្តបាត់ដំបង» ដែលបានរៀបចំឡើងនៅស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កិច្ចសន្ទនានេះមានគោលបំណងបង្ហាញជូនសាធារណជនអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង ព្រមទាំងបង្ហាញពីវិធានការ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារការខ្វះខាតទឹកស្រោចស្រព។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងតំណាងមន្ទីរអង្គភាពជំនាញ បានធ្វើការបកស្រាយ និងឆ្លើយតបចំពោះសំណួរ និងកង្វល់របស់ប្រជាពលរដ្ឋ ដោយលើកឡើងពីទិសដៅការងារ ផែនការអភិវឌ្ឍ និងវិធានការដែលកំពុងអនុវត្ត ដើម្បីធានាប្រសិទ្ធភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជួយសម្រាលផលប៉ះពាល់ដល់វិស័យកសិកម្ម សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕














