វិចារណកថា ៣ បាប​កម្មបរិស្ថាន​ផ្តើមចេញ​ពីការ​ព្រងើយកន្តើយ គំនិតផ្តើម​ «អ្វីដែល​ភ្នែក​យើង​រៀន​មើល​ឃើញ នោះ​ជាអ្វីដែលបេះដូង​យើងចេះរៀនការពារ»


កុមារម្នាក់អាចដកកូនរុក្ខជាតិចេញពីដី ដោយមិនដឹងថាវាត្រូវបានដាំដើម្បីក្លាយជាដើមឈើផ្តល់មម្លប់ឡើយ។ គ្រួសារមួយអាចចាក់វត្ថុរាធាតុរាវដែលប្រើប្រាស់រួចចូលទៅក្នុងលូ ដោយមិនដឹងថា ប្រព័ន្ធលូនោះនាំទៅណាឡើយ។ អ្នកទិញទំនិញម្នាក់អាចជ្រើសរើសផលិតផលមួយ ដោយមិនដឹងថា ការវេចខ្ចប់របស់វាបង្កើតសំរាមច្រើនប៉ុណ្ណានោះទេ។ ក្នុងករណីនីមួយៗ ការខូចខាតអាចកើតឡើងដោយគ្មានបំណងចង់បង្កឱ្យមានគ្រោះថ្នាក់នោះទេ។

ការព្រងើយកន្តើយមិនខ្វល់ខ្វាយ មិនមែនមានន័យថា មនុស្សម្នាក់ខ្វះប្រាជ្ញា ឬការចេះដឹងនោះទេ ប៉ុន្តែមានន័យថា ការតភ្ជាប់ដ៏សំខាន់មួយមិនទាន់ត្រូវបានយល់ដឹងនៅឡើយ។ យើងអាចមើលឃើញត្រឹមតែសកម្មភាពនៅចំពោះមុខយើង ហើយមិនបានឃើញផ្លូវដ៏វែងឆ្ងាយនៃផលវិបាករបស់វា។ យើងប្រហែលជាមិនដឹងថា តំបន់ដីសើមជួយរក្សាទឹក ថាសត្វល្អិតអាចជួយដំណាំតាមរយៈការបង្កាត់ពូជ ឬការដុតសំរាមអាចបញ្ចេញផ្សែងដែលប៉ះពាល់ដល់សុខភាពនោះទេ។

ពិភពធម្មជាតិពោរពេញទៅដោយទំនាក់ទំនង។ ទឹកផ្លាស់ទី ខ្យល់ផ្លាស់ទី គ្រាប់ពូជផ្លាស់ទី សំរាមក៏ផ្លាស់ទីដែរ។ អ្វីដែលបាត់ពីភ្នែករបស់យើង មិនមែនបាត់ពីផែនដីនោះទេ។ ថង់មួយដែលខ្យល់បក់យកទៅ បានក្លាយជាសំរាមរបស់អ្នកដទៃ។ ទឹកកខ្វក់ដែលហូរហួសពីផ្ទះរបស់យើង អាចចូលទៅកាន់កន្លែងដែលមនុស្ស សត្វស្លាប/ត្រី ឬសត្វពាហនៈអាស្រ័យផលលើ។
ដោយសារតែគ្មាននរណាម្នាក់កើតមកដឹងរឿងទាំងនេះស្រាប់នោះទេ ការព្រងើយកន្តើយគួរតែនាំមកនូវការអប់រំជំនួសឱ្យការសើចចំអក។ សិស្សម្នាក់ដែលបានរៀន អាចបង្រៀនមិត្តភក្តិបាន។ ឪពុកម្តាយអាចរៀនពីកូន។ សហគមន៍មួយអាចស្វែងរកវិធីសាស្ត្រល្អជាងមុន និងផ្លាស់ប្តូរទម្លាប់ចាស់។ «បេះដូងបៃតង» មានភាពបន្ទាបខ្លួនគ្រប់គ្រាន់ក្នុងការនិយាយថា៖ «ខ្ញុំមិនបានដឹងទេ ប៉ុន្តែឥឡូវនេះខ្ញុំចង់យល់»។

ការរៀនសូត្រអំពីធម្មជាតិ គឺលើសពីការទន្ទេញចាំឈ្មោះ វាជាការរៀនសួរថា តើអ្វីៗមកពីណា ហើយពួកវាទៅណា? តើអាហារនេះចាប់ផ្តើមពីណា? តើមានអ្វីកើតឡើងចំពោះក្រដាសខ្ចប់នេះបន្ទាប់ពីខ្ញុំបោះវាចោល? តើសត្វមានជីវិតណាខ្លះចែករំលែកទីកន្លែងនេះជាមួយខ្ញុំ? សំណួរទាំងនេះដាស់ស្មារតីទទួលខុសត្រូវ ព្រោះវាលាតត្រដាងទំនាក់ទំនងដែលធ្លាប់តែលាក់បាំងពីមុនមក។

យើងក៏ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានផងដែរ។ មិនមែនរាល់ការអះអាងដែលគួរឱ្យភ្ញាក់ផ្អើលសុទ្ធតែជាការពិតនោះទេ។ ការយល់ដឹងផ្នែកវិទ្យាសាស្ត្រលូតលាស់តាមរយៈការសង្កេត ភស្តុតាង និងការកែតម្រូវដោយស្មោះត្រង់។ នៅពេលដែលយើងមិនប្រាកដ យើងអាចសួរគ្រូ ស្វែងយល់បន្ថែមដោយអានសៀវភៅដែលគួរឱ្យទុកចិត្ត ប្រៀបធៀបប្រភពដែលទុកចិត្តបាន ឬសង្កេតដោយអត់ធ្មត់។ មានចំណេះ មិនមែនមានន័យថាដឹងគ្រប់យ៉ាងនោះទេ។

ការព្រងើយកន្តើយនឹងក្លាយជាគ្រោះថ្នាក់ នៅពេលដែលយើងបដិសេធមិនព្រមរៀន។ ប៉ុន្តែនៅខណៈពេលដែលការចង់ដឹង ចង់ឃើញចាប់ផ្តើម ទ្វារមួយនឹងបើកចំហឡើយ។ ចំណេះដឹងអាចផ្លាស់ប្តូរទម្លាប់ ទម្លាប់ដែលបានផ្លាស់ប្តូរ អាចការពារទីកន្លែងមួយ ទីកន្លែងដែលត្រូវបានការពារអាចទ្រទ្រង់ជីវិតជាច្រើន។
ថ្ងៃនេះ មិនចាំបាច់មានការអៀនខ្មាសចំពោះអ្វីដែលយើងមិនដឹងនោះទេ។ ចូរយើងក្លាយជាមនុស្សដែលចង់ដឹង ចង់ឃើញ។ រាល់សំណួរដ៏ស្មោះត្រង់ចេញពីបេះដូងបៃតង គឺជាចង្កៀងតូចមួយ។ នៅពេលដែលចង្កៀងទាំងនោះកើនឡើង ផ្លូវឆ្ពោះទៅកាន់ពិភពលោកដែលស្អាតស្អំ និងមានក្ដីមេត្តានឹងកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការមើលឃើញ។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា
ក្នុងពាក្យប្រដៅរបស់ព្រះពុទ្ធសាសនា ការចេះដឹងដោយគតិ (wisdom) ចាប់ផ្តើមដោយការមើលឃើញពី «ហេតុ និងបច្ច័យ» យ៉ាងច្បាស់លាស់។ ការមិនយល់ មិនខ្វល់ ព្រងើយកន្តើយ អាចនាំឱ្យមានសកម្មភាពដែលបង្កគ្រោះថ្នាក់ ទោះបីជាគ្មានបំណងអាក្រក់ក៏ដោយ។ សតិ (mindfulness) ការរៀនស្គាល់យល់ដោយមិនព្រងើយកន្តើយ ជួយឱ្យយើងទទួលស្គាល់ទំនាក់ទំនង និងផលវិបាក។ នៅពេលដែលការយល់ដឹងមកជំនួសការព្រងើយកន្តើយ សេចក្តីមេត្តាក៏ទទួលបានទិសដៅអនុវត្តជាក់ស្តែង។

ការពិចារណាសម្រាប់ថ្ងៃនេះ
តើទម្លាប់បរិស្ថានអ្វីខ្លះដែលខ្ញុំកំពុងធ្វើប្រចាំថ្ងៃ ដោយមិនដឹងប្រភពវាមកពីណា ឬវាមានផលប៉ះពាល់អ្វីខ្លះ?
សកម្មភាពសម្រាប់ថ្ងៃនេះ
សួរមនុស្សម្នាក់ ឬប្រភពដែលគួរឱ្យទុកចិត្តនូវសំណួរងាយៗមួយអំពីធម្មជាតិ ឬសំរាម បន្ទាប់មកចែករំលែកចម្លើយនោះជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងរក្សាការចង់ដឹង ចង់ឃើញ រៀនសូត្រដោយភាពបន្ទាបខ្លួន និងប្រើប្រាស់ចំណេះដឹងដើម្បីថែរក្សាដោយប្រាជ្ញា។
នៅពេលយើងការពារធម្មជាតិ គឺយើងការពារសត្វលោកទាំងពួង—រាប់បញ្ចូលទាំងខ្លួនយើងផងដែរ។