ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ (Electronics and Computer Software Export Promotion Council – ESC) នៃប្រទេសឥណ្ឌា នៅទីស្តីការ ក.ប.ទ.។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាក្នុងវិស័យឌីជីថល ដែលក្នុងនោះភាគីកម្ពុជាបានលើកឡើង អំពីទិសដៅការងាររបស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ជាពិសេសសួនឌីជីថល (Digital Park) និង ថ្នាល verify.gov.kh ព្រមទាំងបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា ពិនិត្យលទ្ធភាពចូលរួមវិនិយោគនៅក្នុងសួនឌីជីថលនេះ។
បន្ថែមលើពីនេះ កម្ពុជាក៏បានបង្ហាញពីអត្ថប្រយោជន៍ verify.gov.kh និងស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពសហប្រតិបត្តិការលើថ្នាល Verify នេះផងដែរ។
តាមរយៈជំនួបនេះភាគីឥណ្ឌាបាន៖ (១). ណែនាំអំពីគណៈប្រតិភូបច្ចេកវិទ្យាឥណ្ឌា, (២). ទិដ្ឋភាពទូទៅនៃចំណុចខ្លាំង របស់ប្រទេសឥណ្ឌាក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន (IT), (៣). ការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យបរិវត្តកម្មឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក (e-Governance) បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) ទីក្រុងឆ្លាតវៃ (Smart City) និងគ្រឿងបន្លាស់អេឡិចត្រូនិក, (៤). ការកំណត់វិស័យដែលមានសក្តានុពល សម្រាប់កិច្ចសហ-ប្រតិបត្តិការធុរកិច្ច,(៥). ការពិភាក្សាអំពីកិច្ចសហការនាពេលអនាគត ភាពជាដៃគូបច្ចេកវិទ្យា និងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ដូចជា INDIASOFT 2027។
ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងជំរុញលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ឥណ្ឌាមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ៕











