ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈម និងតម្រង់ទិសការងារដោះស្រាយបណ្តឹងរបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារបណ្ដឹង នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានរាយការណ៍អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារនៃការងារដោះស្រាយបណ្ដឹង ព្រមទាំងយន្តការនៃការទទួល និងពិនិត្យលើពាក្យបណ្តឹងរបស់ក្រសួង។ ជាមួយគ្នានេះ អង្គប្រជុំបានផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូល ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការឆ្លើយតបទៅនឹងតម្រូវការការងារដោះស្រាយបណ្ដឹងឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ដែលបានខិតខំដោះស្រាយបណ្ដឹងរបស់ក្រសួងកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីទស្សនវិស័យនៃរៀបចំនិងជំរុញការងារដោះស្រាយបណ្តឹង និងការអនុវត្តតួនាទី ភារកិច្ចពាក់ព័ន្ធការងារដោះស្រាយបណ្តឹង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំបន្តខិតខំជំរុញការដោះស្រាយបណ្តឹងឱ្យបានឆាប់រហ័ស និងអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួនស្របតាមលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង។











