គណៈកម្មាធិការគណបក្សក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលសម្តែងសិល្ប:នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានរៀបចំពិធីបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តប្រចឆំឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការបក្សក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ពិធិនេះ មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិក សមាជិកាអចិន្រ្តៃយ៍ និងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងសរុប ២០០នាក់។
ក្រោយពីស្តាប់របាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅដែលត្រូវអនុវត្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងនាមគណៈកម្មាធិការគណបក្សក្រសួង បានសម្តែងនូវអំណរគុណដ៏ស្មោះចំពោះ សមាជិក សមាជិកាគណបក្សក្រសួងទាំងមូល ដែលបានរក្សាគោលជំហរ ស្មារតី សតិអារម្មណ៍ ព្រមទាំងបន្តគាំទ្រ ជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងរីករាយអបអរសាទរចំពោះថ្នាក់ដឹកនាំបន្តវេន ដែលមានថាមពលខ្លាំងក្លា កំពុងបោះជំហានយ៉ាងស្វាហាប់ ក្នុងការបន្តវេនដឹកនាំនាវាកម្ពុជា។
លោកជំទាវបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងនូវការគោរពដឹងគុណ និងគាំទ្រដោយឥតងាករេចំពោះការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោនិង សម្តេចមហាបវរធិបតី ព្រមទាំងវីរកងទ័ពនិងកងកម្លាំងនគរបាលទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកប ដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។ ជាមួយនេះ លោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារយុវជនគណបក្សក្រសួងយើង ដែលជានិច្ចកាលតែងបានរួមសហការអនុវត្តតាមការអំពាវនាវ និងការណែនាំចង្អុរបង្ហាញពីគណៈកម្មាធិការគណបក្សក្រសួង ពិសេសការចុះចិញ្ចឹមចលនានៅមូលដ្ឋានរហូតដល់ដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាឆ្នាំ២០២៨ ខាងមុខ៕













