ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ រួមជាមួយក្រុងសំពៅពូន ខេត្តកណ្តាល


ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល សរុបចំនួន ២៨១នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជូនអង្គពិធី និងជម្រាបជូននូវគោលបំណងនៃពិធីសំណេះ សំណាលនាពេលនោះផងដែរ។

ជាកិច្ចបន្ត លោក ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចូលរួមមតិសំណេះសំណាលដោយជំរុញឱ្យក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចបន្ទាប់ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី «តួនាទីរប ស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន» ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

នៅក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ លោកស្រីបណ្ឌិត ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយនូវរាល់បញ្ហានីមួយៗ ដែលបានលើកឡើងដោយអ្នកចូលរួម និងទទួលបាននូវការថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតពីអ្នកចូលរួម ដោយហេតុថា ប្រធានបទនៃបទឧទ្ទេសនាម គឺឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តជាក់ស្តែង ដែលបានជួបប្រទះនៅតាមមូលដ្ឋានរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ។

បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុននាង បានផ្សព្វផ្សាយអំពី អនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព” ដើម្បីឆ្លើយតបនឹងអ្វី ដែលក្រុមប្រឹក្សាឃុំ សង្កាត់បានលើកឡើងពាក់ព័ន្ធនឹងការវិភាជថវិកាជូនថ្នាក់ក្រោមជាតិនៅមានកម្រិត។ ឯកឧត្តមប្រធានក្រុម បានគូសបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមកនេះ គឺមានបំណងធានាសមធម៌ និងតម្លាភាពនៃការអភិវឌ្ឍមូលដ្ឋាន ដោយបែងចែកធនធានពីតំបន់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានចំណូលខ្ពស់ ទៅជួយទ្រទ្រង់ដល់រដ្ឋបាលដែលមានសក្តានុពលសេដ្ឋកិច្ច ឬចំណូលទាប ធ្វើយ៉ាងណាដើម្បីបង្កើនលទ្ធភាពគ្រប់គ្រាន់ដល់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងមានកម្រិតស្មើៗគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តម បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school)ចំនួន ១០០កន្លែង សម្រាប់ឃុំ សង្កាត់នីមួយៗ ដែលមានបំណងបន្តការសិក្សាវគ្គចំណេះដឹងទូទៅ និងជំនាញផ្សេងៗ តាមប្រព័ន្ធអនឡាញ។

បន្ថែមពីនេះ ឯកឧត្តម បានសូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានបន្តសាមគ្គីភាពគ្នាជាធ្លុងមួយ គាំទ្រដល់វីវៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ជាពិសេសសូមបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលខិតខំតវ៉ាប្រយុទ្ធប្រឆាំងតាមរយៈការទូតលើឆាកអន្តរជាតិប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។

ជាកិច្ចបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណា យ ថវិកាសរុបទាំងអស់ចំនួន២១,៨៦០,០០០រៀល៕