ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន NUCTECH Company Limited (NUCTECH) នៅខេត្តជៀងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពីប្រព័ន្ធគយឆ្លាតវៃ និងប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការគយស្របតាមយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២៥-២០២៩ សំដៅចូលរួមបង្កើននូវកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ និងទប់ស្កាត់អំពើរត់គេចនិងបន្លំពន្ធ។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ អគរ បានជួបប្រជុំជាមួយលោក Yang Bo អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន NUCTECH ដែលជាក្រុមហ៊ុនឈានមុខលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យ និងបានទទួលផ្គត់ផ្គង់ និងផ្តល់សេវាកម្មថែទាំម៉ាស៊ីនស្គែន នៅតាមបណ្តាអាកាសយាន្តដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ និងច្រកទ្វារព្រំដែនសំខាន់ៗ មួយចំនួនផងដែរ។
ក្នុងជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបង្ហាញនូវចំណាប់អារម្មណ៍លើប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន រួមមាន៖ (១) ម៉ាស៊ីនស្គែនដែលបំពាក់នូវបច្ចេកវិទ្យាថ្មីៗចុងក្រោយនិងមានភាពងាយស្រួលក្នុងការចល័តទីតាំង (២) ឧបករណ៍បរិក្ខារតាមដានវិភាគរកគ្រឿងញៀន និងសារធាតុផ្ទុះ (៣) ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ជាជំនួយក្នុងវិភាគរូបភាពស្គែន (៤) ប្រព័ន្ធគ្រប់គ្រងច្រកទ្វារឆ្លាតវៃ (Smart Gate) និង(៥) ប្រព័ន្ធគយឆ្លាតវៃ (Smart Customs)។
ជាមួយគ្នានេះដែរ គណៈប្រតិភូ ក៏បានទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតឧបករណ៍ត្រួតពិនិត្យ និងម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន NUCTECH ដើម្បីស្វែងយល់អំពីដំណើរការផលិត និងការដំឡើងម៉ាស៊ីនស្គែនគ្រប់ប្រភេទ និងស្តាប់ការធ្វើបទបង្ហាញពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុនអំពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗដែល អាចប្រើប្រាស់ជួយសម្រួលដល់កិច្ចប្រតិបត្តិការគយ។
សូមគូសបញ្ជាក់ផងដែរថា អគរ និងក្រុមហ៊ុន NUCTECH បានចាប់ផ្ដើមកិច្ចសហការចាប់តាំងពីឆ្នាំ២០០៣ មក ហើយបច្ចុប្បន្ននេះ អគរ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនស្គែនកុងតែន័ររបស់ក្រុមហ៊ុន NUCTECH ចំនួន ១៥ គ្រឿង នៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករនានា និងបានសហការរៀបចំដាក់ឱ្យអនុវត្ត ថ្នាលប្រមូលផ្តុំការត្រួតពិនិត្យទំនិញ ដែលក្នុងនោះមានប្រព័ន្ធសំខាន់ពីរគឺប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ (Electronic Cargo Tracking System – ECTS) និងប្រព័ន្ធប្រមូលផ្តុំរូបភាពស្គែនផងដែរ៕













