មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បើកពិធីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»


នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំបណ្ណាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ទីរការិយាល័យ ព្រមទាំងលោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូ ជាង៥០០នាក់។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការនៃការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់។

ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះ «គ្រូបង្រៀន» គឺជាសសរទ្រូង និងជាតួអង្គស្នូលដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់គុណភាពអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង សមត្ថភាព ចរិយាធម៌ និងបំណិនជីវិត ស្របតាមយុគសម័យឌីជីថល។

ឯកឧត្តមបន្តថា ការប្រកាសឱ្យប្រើប្រាស់ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន គឺជាសក្ខីភាព និងជាសាក្សីប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការលើកកម្ពស់កិត្តិយស តម្លៃ និងកិត្យានុភាព នៃអាជីពជាគ្រូបង្រៀន ដើម្បីធានាសមធម៌ និងតម្លាភាព ក្នុងការគ្រប់គ្រង ការបាត់បង់ ឬការដំឡើងថ្នាក់ និងដំឡើងមុខតំណែង ផ្អែកលើសមត្ថភាពពិតប្រាកដ។ លើកកម្ពស់ជីវភាព និងការលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូដែលបានបន្សល់ទុកនូវស្នាដៃ និងការលះបង់ខ្ពស់ ក្នុងបេសកកម្មអប់រំ។ ពង្រឹងកាតព្វកិច្ច និងវិជ្ជាជីវៈសារវន្ត ដើម្បីធានាថាគ្រូបង្រៀនគ្រប់រូបដើរតួជាគំរូដ៏ល្អដល់សិស្សានុសិស្ស និងសង្គមជាតិ។

ដើម្បីធានាថាការអនុវត្តព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ លោកអភិបាលខេត្ត បានផ្តាំផ្ញើ៖

ទី១-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យ .. ក្រុងស្រុក ត្រូវសិក្សាស្វែងយល់ឱ្យបានជ្រួតជ្រាប និងស៊ីជម្រៅ ដើម្បីផ្សព្វផ្សាយបន្តនូវខ្លឹមសារព្រះរាជក្រឹត្យនេះឱ្យបានត្រឹមត្រូវ និងទូលំទូលាយ ព្រមទាំងត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យ សម្របសម្រួលកិច្ចការរដ្ឋបាល និងអត្ថប្រយោជន៍ផ្សេងៗរបស់គ្រូបង្រៀនឱ្យបានត្រឹមត្រូវ ដោយគ្មានការរើសអើង និងមានតម្លាភាព។

ទី២-លោកនាយក និងលោកស្រីនាយិកាសាលា ត្រូវក្តាប់ឱ្យជាប់នូវបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងព្រះរាជក្រឹត្យ ដើម្បីយកទៅដឹកនាំ និងគ្រប់គ្រងបុគ្គលិកអប់រំក្នុងគ្រឹះស្ថានរបស់ខ្លួនប្រកបដោយយុត្តិធម៌ ព្រមទាំងជួយតម្រង់ទិស លុបបំបាត់បាតុភាពអសកម្ម និងលើកទឹកចិត្តគ្រូដែលមានស្នាដៃ។

ទី៣-លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងផ្នែកវិធីសាស្ត្របង្រៀន បច្ចេកវិទ្យា និងចំណេះដឹងទូទៅ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីសក្តិសមជា «កុលបុត្រ/កុលធីតា» ដែលសង្គមជាតិផ្តល់ទំនុកចិត្ត និងគោរពស្រឡាញ់។

ទី៤-មន្ទីរមុខងារសាធារណៈខេត្ត ត្រូវសហការជួយជំរុញ គាំទ្រ និងសម្របសម្រួល ក្នុងការតម្រង់ទិសលើការគ្រប់គ្រងមន្ត្រីរាជការ នៃអង្គគ្រូបង្រៀន ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវអត្ថប្រយោជន៍នានារបស់អង្គគ្រូបង្រៀន៕