ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការកសាងវិស័យព័ត៌មានដែលមានគុណភាព មិនអាចពឹងផ្អែកលើច្បាប់ប៉ុណ្ណោះទេ តែត្រូវពឹងផ្អែកលើសុចរិតភាព សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវរួម


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការកសាងវិស័យព័ត៌មានដែលមានគុណភាព មិនអាចពឹងផ្អែកតែលើច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើសុចរិតភាព សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកសាងបរិយាកាសព័ត៌មានដែលទទួលបានទំនុកចិត្តពីសាធារណជន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានកំពុងបន្តធ្វើទំនើបកម្ម និងកែទម្រង់ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឱ្យស្របតាមបរិបទបរិវត្តកម្មឌីជីថល ការវិវត្តនៃបច្ចេកវិទ្យា និងនិន្នាការសកល ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពនីតិរដ្ឋ និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមប្រធានបទ «គុណវុឌ្ឍិវិជ្ជាជីវៈ និងសេវាសាធារណៈ» ដែលរៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ ២៤០រូប។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍ មានតួនាទីសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកកសាងសាធារណមតិ និងជំរុញការអភិវឌ្ឍសង្គម។ ទន្ទឹមនឹងនេះ វិស័យព័ត៌មានក៏កំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Deepfake ដែលទាមទារឱ្យគ្រប់ភាគីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនចាត់ទុកវិស័យព័ត៌មាន និងសោតទស្សន៍ គ្រាន់តែជាវិស័យអាជីវកម្ម ឬជាវេទិកាបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់សម្រាប់ការកសាងប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងសន្តិសុខព័ត៌មាន និងកសាងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ។ ដូច្នេះ ការគ្រប់គ្រងវិស័យព័ត៌មានត្រូវរក្សាសមតុល្យរវាងសេរីភាព និងការទទួលខុសត្រូវ សិទ្ធិ និងកាតព្វកិច្ច ព្រមទាំងនវានុវត្តន៍ និងនីតិរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីទិសដៅសំខាន់ៗរបស់ក្រសួងព័ត៌មាន រួមមានការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តដែលលែងសមស្រប ការរៀបចំក្រមបទដ្ឋានគតិយុត្តវិស័យព័ត៌មាន ការធ្វើឱ្យនីតិវិធីកាន់តែងាយស្រួល និងមានតម្លាភាព ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពសារព័ត៌មាន និងអាជ្ញាបណ្ណតាមប្រព័ន្ធឌីជីថល ព្រមទាំងការជំរុញយន្តការគ្រប់គ្រងដោយខ្លួនឯង (Self-regulation) តាមរយៈការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំឱ្យមានការបកស្រាយឱ្យបានច្បាស់លាស់អំពីក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងអ្នកផលិតមាតិកា (Content Creators) អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) និងការធ្វើអាជីវកម្មព័ត៌មានលើបណ្តាញសង្គម ដើម្បីឱ្យការអនុវត្តសកម្មភាពទាំងនេះស្របតាមច្បាប់ និងមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខព័ត៌មាន និងសីលធម៌សង្គម។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ «ត្រឹមត្រូវ ពិតប្រាកដ និងទទួលខុសត្រូវ» ជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិបុគ្គល។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មាននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកសារព័ត៌មានអាជីព ដែលបំពេញភារកិច្ចដោយសុចរិតភាព និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំដល់អ្នកសារព័ត៌មានឱ្យគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ ជនមានពិការភាព និងជនងាយរងគ្រោះ ក្នុងពេលរាយការណ៍ព័ត៌មាន ព្រមទាំងជំរុញការអប់រំអំពីការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Media and Information Literacy) ដើម្បីលើកកម្ពស់សមត្ថភាពរបស់សាធារណជនក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

នៅក្នុឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញជំនឿថា លទ្ធផលនៃសិក្ខាសាលានេះ នឹងរួមចំណែកពង្រឹងការយល់ដឹងអំពីច្បាប់ លើកកម្ពស់ការគោរពនីតិរដ្ឋ និងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ តម្លាភាព និងចីរភាព៕