កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ


ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក ចូវ វិនតុង (Zhou Wendong) អភិបាលរងទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោកអភិបាលរងទីក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅកម្ពុជាដោយផ្ទាល់។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើសុំលោកអភិបាលរង មេត្តាជួយជ្រោមជ្រែង និងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើនលូតលាស់យ៉ាងខ្លាំងក្លា និងផុសផុលប្រកបដោយផ្លែផ្កាបន្ថែមទៀត។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ី នឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសភាគីចិននឹងជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។

ជាការឆ្លើយតប លោក ចូវ វិនតុង បានថ្លែងអំណរគុណដល់អគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ចូវ វិនតុង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាលំដាប់។

លោក ចូវ វិនតុង ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតដោយជ្រើសរើសយកគម្រោងដែលមានសក្តានុពល និងឈានមុខជាអាទិភាព។

លោកបានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺផ្សារភ្ជាប់ទៅនឹងការត្រៀមការរៀបចំនូវកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលគ្រោងធ្វើនៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ។

មុននឹងបញ្ចប់ លោក ចូវ វិនតុង (Zhou Wendong) បានលើកឡើងនូវសំណូមពរមួយចំនួនសំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត៕