(ភ្នំពេញ)៖ ក្នុងឱកាសឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី ១២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨៤៩នាក់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២នាទីរសៀល ឯកឧត្តមសាស្ដ្រាចារ្យបានក្រើនរំលឹកពីមុខងាររបស់មណ្ឌលសុខភាព ដែលជាច្រកទ្វារតំបូងសម្រាប់ឱ្យប្រជាជនចូលមកប្រើប្រាស់សេវាសុខាភិបាល ហើយមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរៀបចំឥរិយាបទក្នុងការព្យាបាល និងបច្ចេកទេសសង្គ្រោះឱ្យសមស្របទៅនឹងកាលៈទេសៈដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ។
ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានបន្ថែមថា មណ្ឌលសុខភាព ជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺធ្ងន់ធ្ងរដោយមិនអស់ការចំណាយថវិកាច្រើន ដែលទាមទារឱ្យមន្ដ្រីសុខាភិបាលយើងទាំងអស់ ត្រូវយកចិត្ដទុកដាក់កាន់តែខ្ពស់ ព្រោះជួយប្រជាជនយើងបានច្រើបន ទាំងការជួយសង្គ្រោះជីវិត សម្រួលទាំងជីវភាព និងបង្កើនភាពងាយស្រួលជិតគេហដ្ឋានរបស់គាត់ ដូច្នេះត្រូវរៀបចំឥរិយាបទក្នុងការព្យាបាល និងបច្ចេកទេសសង្គ្រោះឱ្យសមស្រប។
ឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញបន្ថែមឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត និងភាគីពាក់ព័ន្ធទាំងអស់បន្តត្រៀមខ្លួនទុកជាមុនសម្រាប់ហានិភ័យដែលអាចកើតមានទាក់ទងនឹងស្ថានភាពនៃការផ្ទុះជំងឺគ្រុនឈាម និងត្រូវបង្កើនសកម្មភាពដាក់ថ្នាំអាបែតនៅតាមប្រភពទឹក ដែលជាជម្រកមូស នៅក្នុងសហគមន៍។
ក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកនូវសេចក្តីសន្និដ្ឋានអំពីភាពជាអ្នកដឹកនាំដែលនាំឱ្យសម្រេចការងារបានល្អប្រសើរ និងដាក់ចេញជាសំណួរសម្រាប់ឆ្លុះបញ្ចាំងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិតយកទៅពិចារណា និងប្រើប្រាស់ទៅតាមការងារជាក់ស្តែង។
ជាមួយគ្នានេះ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាល ដើម្បីក្លាយជាមណ្ឌលសុខភាពគំរូ ២០២៥ ដែលលទ្ធផលល្អនេះ បានមកពីការសាមគ្គីគ្នារវាងបុគ្គលិក ការផ្តល់គំនិត និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ព្រមទាំងការប្រើប្រាស់ភាពជាអ្នកដឹកនាំ របស់បុគ្គលិកមណ្ឌលសុខភាពម្នាក់ៗ៕






























