(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ថិតក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃពិធីបុណ្យចម្រើនជន្មាយុវឌ្ឍនមង្គល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ។
សារលិខិតជូនពរមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំបាទផ្ទាល់ និងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ សូមមាន សុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ ប្រកបដោយពលានុភាពខ្លាំងក្លា ស្ថិតនៅជាទីសង្ឃឹមដ៏កក់ក្តៅនៃប្រជាជនកម្ពុជា ជារៀងដរាបតទៅ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពសម្តែងនូវគារវកិច្ចដឹងគុណដ៏មហាធំធេង និងសូមគោរពកោតស្ញប់ស្ញែងប្រកបដោយមោទនភាពជាទីបំផុត ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ សម្ដេចអគ្គមហាសេនាបតីតេជោ គឺជាអគ្គមគ្គុទេសក៍រដ្ឋស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានដឹកនាំប្រទេសជាតិឆ្លងកាត់គ្រប់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ សម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុប្រទេសកម្ពុជាមាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមដ៏រុងរឿង។ លើសពីនេះទៅទៀត សម្ដេចអគ្គមហាសេនាបតីតេជោ គឺជានិមិត្តរូបនៃកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏អស្ចារ្យ ក្នុងការការពារសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ យ៉ាងសស្រាក់សស្រាំប្តូរផ្តាច់រួមជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រឆាំងទល់និងពួកឈ្លានពានទឹកដី ដោយឆន្ទៈមោះមុត ស្វិតស្វាញ ក្រាញននៀល និងក្លៀវក្លាជាទីបំផុត ដើម្បីភាពគង់វង្សរបស់ជាតិ មាតុភូមិកម្ពុជា និងវិបុលភាពប្រជាជន ជាពិសេស ក្នុងការធ្វើឱ្យ សហគមន៍អន្តរជាតិបានយល់ដឹងពីការពិត និងគាំទ្រជំហរដ៏ត្រឹមត្រូវផ្អែកលើច្បាប់ជាតិ-អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន។
ក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចមហាមន្ត្រី គោពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់៖


