អភិបាលខេត្តតាកែវ ចុះពិនិត្យការដ្ឋានសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ


(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលដំណើរការសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យការសាងសង់ប្រព្រឹត្តទៅបានលឿនតាមផែនការកំណត់ និងធានាបាននូវគុណភាពល្អ ដើម្បីប្រើប្រាស់ជាមជ្ឈមណ្ឌលបម្រើការងារ និងលើកកម្ពស់ជីវភាពសុខុមាលភាពបងប្អូនអតីតយុទ្ធជនក្នុងខេត្តតាកែវ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារនេះ ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត។

ការសាងសង់អគារនេះ គឺជាការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើសុខុមាលភាព និងសិទ្ធិប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន ដែលជាវីរជនបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ រហូតសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕