(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់ និងទទួលនូវគ្រឿងបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដែលបានផ្ដល់ជូនដោយក្រសួងសុខាភិបាល។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស រួមជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានរាយការណ៍ថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានមូលដ្ឋានផ្ដល់សេវាសុខាភិបាលសាធារណៈចំនួន ៤៨កន្លែង រួមមានមន្ទីរពេទ្យបង្អែក៣ និងមណ្ឌលសុខភាព៤៥ ដោយមានមន្ត្រីសុខាភិបាលសរុប ៧៩៨នាក់ កំពុងបំពេញបេសកកម្មបម្រើសេវាជូនប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់ពីការអនុវត្តការងារអាទិភាពរបស់មន្ទីរ ដូចជាការលើកកម្ពស់ការអប់រំសុខភាព ការប្រយុទ្ធប្រឆាំងជំងឺឆ្លង ការពង្រឹងគុណភាពសេវា និងការអភិវឌ្ឍធនធានមនុស្ស។
គ្រឿងបរិក្ខារដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទទួលបានពីក្រសួងសុខាភិបាល រួមមានម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតតូចចំនួន ៦គ្រឿង ម៉ាស់ ២កេះធំ និងអាល់កុល ១ ៥០០លីត្រ ស្មើនឹង ៥០កាន។ គ្រឿងបរិក្ខារទាំងនេះ គឺជាតម្រូវការចាំបាច់ដែលនឹងជួយបំពេញតាមតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងការផ្ដល់ការថែទាំព្យាបាលអ្នកជំងឺ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន បានកោតសរសើរចំពោះស្នាដៃធំធេងដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងសម្រេចបាន ក្នុងការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំទប់ស្កាត់ជំងឺគ្រុនឈាមដែលបានរាតត្បាតយ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនានា ក៏ដូចជាការដោះស្រាយបញ្ហាសុខភាពសាធារណៈទូទៅបានយ៉ាងល្អប្រសើរ៕
































