នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្តាលស្ដីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងការគ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ នៅសាលប្រជុំនៃទីស្ដីការក្រសួង ដោយមានសមាសភាពចូលរួមជាមន្ត្រីបង្គោល និងមន្ត្រីទទួលបន្ទុកការងារយេនឌ័រមកពីបណ្តានាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងតំណាងមកពីមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥។
លោកជំទាវ បានបញ្ជាក់ឱ្យដឹងថា ការរៀបចំសិក្ខាសាលាបណ្ដុះបណ្តាលនេះឡើង គឺដើម្បីបន្តអនុវត្តលើការបញ្ជ្រាបប្រព័ន្ធការងារយេនឌ័រ ក្នុងវិស័យធនធានទឹក សំដៅពង្រឹងសមត្ថភាពមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយមគ្រប់កម្រិត ស្ដីពីចំណេះដឹងយេនឌ័រ ក៏ដូចជាដើម្បីបង្ហាញនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងចក្ខុវិស័យដែលបានលើកឡើងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោកជំទាវ បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានបន្តគាំទ្រ និងជំរុញការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យធនធានទឹក តាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្រ្តី បង្កើនភាពអង់អាចក្លាហានក្នុងតួនាទីសម្រេចចិត្តទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ជាចុងក្រោយ លោកជំទាវ មានជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំយកចិត្តទុកដាក់ត្រងត្រាប់ក្រេបយកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេស ព្រមទាំងចូលរួមក្នុងកិច្ចពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវចំណេះជំនាញភាពជាអ្នកដឹកនាំបន្ថែមទៀតពីក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ សម្រាប់យកទៅបំពេញការងារតាមអង្គភាពរៀងៗខ្លួន និងរួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យធនធានទឹក និងនៅក្នុងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងបរិយាបន្ន៕


