វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង និងអៀរឡង់ ឱ្យដើរតួនាទីជា «ទូតមិត្តភាព» ដើម្បីចូលរួមពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបង្ហាញពីរូបភាពវិជ្ជមានរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនអឺរ៉ុបមកបណ្តាក់ទុននៅកម្ពុជា។
ការជំរុញនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអៀរឡង់ សរុបចំនួន ២៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំនៅវិមានរដ្ឋសភា មុនពេលពួកគេចេញទៅបន្តការសិក្សានៅបរទេស។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការអបអរសាទរ និងមោទនភាពយ៉ាងខ្លាំងចំពោះនិស្សិតជ័យលាភី និងគ្រួសារទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា អាហារូបករណ៍ដែលមានការប្រកួតប្រជែងខ្ពស់នេះ មិនត្រឹមតែជាឱកាសផ្លាស់ប្តូរជីវិតរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបច្ច័យវិជ្ជមានដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលជាគ្រឹះនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុក «ធនធានមនុស្ស» ជាអាទិភាពកំពូល ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីបន្តពង្រឹងសមិទ្ធផលប្រវត្តិសាស្ត្ររបស់ជាតិ។
ជាការឆ្លើយតប លោក តាន់ បូរីវត្ថិ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍បារាំង និងកញ្ញា ពង្ស ចន្ទ្របូណ៌មី តំណាងនិស្សិតជ័យលាភីអាហារូបករណ៍អៀរឡង់ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានផ្តល់កិត្តិយស និងឱកាសដ៏មានតម្លៃដល់ក្រុមនិស្សិតទាំងអស់ បានចូលជួបសម្តែងការគួរសម និងក្រេបជញ្ជក់យកបទពិសោធន៍ ជាពិសេសពុទ្ធិពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីជាដើមទុនបន្ថែមមុននឹងចេញទៅសិក្សានៅបរទេស។
គួររំលឹកផងដែរថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង បានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាជិត៤០០នាក់។ ដោយឡែក រដ្ឋាភិបាលនៃប្រទេសអៀរឡង់ បានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាសរុបប្រមាណ ២៦នាក់ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ នេះ៕




