(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងអំពីការកំពុងកែលម្អរបស់រាជរដ្ឋាភិបាលទៅលើ លក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្តផ្សេងៗ ក្នុងក្របខណ្ឌអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល»។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព សមាហរណកម្ម សហថាមពល និងនាវានុវត្តន៍ តាមរយៈការដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីកសាងរដ្ឋាភិបាលឆ្លាតវៃ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្រ្ដចាំបាច់ដទៃទៀត សំដៅឆ្លើយតបនឹងដំណើការ បដិវត្តន៍ឧស្សាហកម្ម៤.០។ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ឲ្យមានគុណភាព ប្រសិទ្ធិភាព សមធម៌ និងនវានុវត្តន៍៕
























































