(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលើកទី២៦ របាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។
ជាមួយគ្នានេះ ក៏មានការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត និងក្រុមការងារពិនិត្យសំណង់ និងចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋ។
លើសពីនេះ កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តលើការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងពិនិត្យពាក្យសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្តផងដែរ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង/ស្រុក ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសចំពោះសុខទុក្ខ និងជីវភាពរបស់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយត្រូវសហការជួយសម្របសម្រួលរកការងារជូនពួកគាត់។
លោកជំទាវក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសបច្ចេកវិជ្ជា និងបម្រើសេវាសាធារណៈបានល្អប្រសើរ រួមចំណែកឱ្យខេត្តប៉ៃលិនមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនគួរជាទីមោទនៈ។
ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។











